អភិបាលខេត្តកំពង់ធំ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៥៥១បណ្ណ ជូនដល់ប្រជាពលរដ្ឋនៅ ឃុំព្នៅ ស្រុកសន្ទុក

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៥៥១ បណ្ណ នៅភូមិត្រើយអូរ ឃុំព្នៅ ស្រុកសន្ទុក ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានធ្វើបច្ចុប្បន្នភាពសភាពការណ៍ព្រំដែន និងសង្គ្រាមឈ្លានពានរបស់ប្រទេសជិតខាងមកលើកម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងការស្តារឡើងវិញនូវសន្តិភាព ដោយរក្សាបាននូវបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបន្តថា ទោះបីជាប្រទេសជាតិយើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីកងទ័ពនៃប្រទេសជិតខាងក៏ដោយ ក៏ សម្ដេចធិបតី ហ៊ុន ម៉ាណែត តែងតែណែនាំដល់ថ្នាក់ដឹកនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ រក្សានូវប្រក្រតីភាពនៃការបំពេញការងារបម្រើបងប្អូនប្រជាពលរដ្ឋ ជាពិសេសការងារលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា នៅគ្រប់កាលៈទេសៈទាំងអស់ យើងត្រូវរួបរួមគ្នា ក្រោមស្មារតីសាមគ្គីឯកភាពជាតិ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំយើង ដើម្បីឆ្លងកាត់នូវរាល់ឧបសគ្គនានា ដែលប្រទេសជាតិយើងជួបប្រទះ។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្តកំពង់ធំ បានថ្លែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ និងសូមស្នើដល់បងប្អូនត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាឯកសារនេះឱ្យបានត្រឹមត្រូវ ប្រើប្រាស់បានចំគោលដៅ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារឱ្យបានកាន់តែល្អប្រសើរឡើង៕

