លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក

ប៉េកាំង៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ មេដឹកនាំប្រទេសមីយ៉ាន់ម៉ា លោក Min Aung Hlaing បានធ្វើដំណើរដល់ទីក្រុងប៉េកាំង ដើម្បីបំពេញទស្សនកិច្ចសរុបរយៈពេល៥ថ្ងៃ តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង។
លោក Min Aung Hlaing អាយុ៦៩ឆ្នាំ គឺជាអតីតប្រមុខរដ្ឋាភិបាលយោធា ដែលជាស្ថាបនិករដ្ឋប្រហារកាលពីឆ្នាំ២០២១ ដែលបានរុញ ប្រទេសអាស៊ានមួយនេះ ឱ្យធ្លាក់ចូលក្នុងសង្រ្គាមស៉ីវិល ហើយទទួលរងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីអន្តរជាតិ។
លោកត្រូវបានបោះឆ្នោត តែងតាំងជាប្រធានាធិបតីថ្មី កាលពីខែមេសា ដោយសភាដែលមានសមាជិកពោរពេញទៅដោយ អ្នកស្មោះស្ម័គ្រនឹងយោធា។ អំឡុងទស្សនកិច្ច សប្តាហ៍នេះ លោក Ming Aung Hlaing នឹងបើកកិច្ចពិភាក្សាជាមួយលោក ស៉ី ហើយលោកក៏នឹងជួបផងដែរ ជាមួយនាយករដ្ឋមន្រ្តីចិន លោក Li Qiang និងប្រធានសភាចិន លោក Zhao Leji។
វាគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក ក្រោយការបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌា ចាប់តាំងពីរូបលោកបានក្លាយជាប្រធានាធិបតីស៉ីវិល។
ប្រទេសមីយ៉ាន់ម៉ា បានរងភាពឯកោផ្នែកការទូតចាប់តាំងពីឆ្នាំ២០២១មក នៅពេលផ្ទុះការធ្វើរដ្ឋប្រហារយោធាផ្តួលរំលំ រដ្ឋាភិបាលស៉ីវិលជាប់ឆ្នោតស្របច្បាប់របស់លោកស្រី អោងសាន ស៊ូជី ដែលបច្ចុប្បន្នកំពុងបន្តស្ថិតក្រោមការឃុំឃាំង។
គួរបញ្ជាក់ថា រយៈពេល៥ឆ្នាំ ក្រោយដឹកនាំក្នុងនាមជាប្រមុខយោធា លោក Min Aung Hlaing បានស្បថចូលកាន់តំណែងជា ប្រធានាធិបតីរបស់មីយ៉ាន់ម៉ា ក្នុងការធ្វើអន្តរកាលអំណាច ដែលក្រុមឃ្លាំមើលលទ្ធិប្រជាធិបតេយ្យ ចោទថា គ្រាន់តែជាការផ្លាស់ប្តូរមុខមាត់ នៃរបបសឹកប៉ុណ្ណោះ។ ការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ា ដែលបានរៀបចំឡើងកាលពីចន្លោះខែធ្នូ ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦ ទទួលបានការគាំទ្រយ៉ាងក្លៀវក្លាពីសំណាក់ទីក្រុងប៉េកាំង៕

