ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២

ភ្នំពេញ៖ ព្រឹទ្ធសភា នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំមួយដើម្បីពិនិត្យលើវឌ្ឍនភាពការងារត្រៀមរៀបចំសន្និសីទប្រធានអន្តរសភាលើកទី២ដែលគ្រោងធ្វើនាពេលខាងមុខនេះ។
កិច្ចប្រជុំរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នទាំងពីរនាពេលនេះ គឺធ្វើឡើងដើម្បីធានាឱ្យបាននូវកិច្ចសហការយ៉ាងរលូន សុវត្ថិភាព និងភាពជោគជ័យកម្រិតខ្ពស់ ក្នុងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះ។
កិច្ចប្រជុំបានប្រារព្ធធ្វើនៅវិមានព្រឹទ្ធសភាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានព្រឹទ្ធសភាស្តីទី និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិទាំងពីរផងដែរ។
គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីស្តាប់របាយការណ៍វឌ្ឍនភាព និងការបង្ហាញផែនការសកម្មភាពការងាររបស់អនុគណៈកម្មការជំនាញទាំង ៥ ដែលរួមមាន៖
១. អនុគណៈកម្មការខ្លឹមសារ និងឯកសារ
២. អនុគណៈកម្មការហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងភស្តុភារ
៣. អនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងព័ត៌មានវិទ្យា
៤. អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម
៥. អនុគណៈកម្មការពិធីការ បដិសណ្ឋារកិច្ច ឡូជីស្ទីក និងលេខាធិការដ្ឋាន។
សូមជម្រាបថា នៅក្នុងខែសីហា ខាងមុខនេះ សភាកម្ពុជា ដែលមានទាំងរដ្ឋសភា និងព្រឹទ្ធសភា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្រិតតំបន់ និងសកលលោកសំខាន់ៗជាច្រើន។ ព្រឹត្តិការណ៍ទាំងនោះរួមមាន កិច្ចប្រជុំវេទិកាសភានៃតំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលោក លើកទី៩ (APPF-GH) ដែលនឹងផ្តោតលើការពិភាក្សាអំពីសន្តិសុខសុខាភិបាល, កិច្ចប្រជុំស្តីពីការវិនិយោគលើវិស័យកសិកម្មប្រកបដោយការទទួលខុសត្រូវ ក្នុងក្របខ័ណ្ឌអាស៊ាន (ASEAN RAI), កិច្ចប្រជុំសម្របសម្រួលស្តីពីវេទិកាថ្នាក់ដឹកនាំអាយប៉ា (The Coordinating Meeting on AIPA Leaders’ Forum)ដែលជាជំនួបកម្រិតខ្ពស់ដើម្បីសម្របសម្រួលទិសដៅការងារ និងយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំសភាអាស៊ាន និងកិច្ចប្រជុំគណៈកម្មការដឹកនាំនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២ ដើម្បីពិនិត្យលើការងារបច្ចេកទេស និងគោលនយោបាយរួម។
ការទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិធំៗទាំងអស់នេះរបស់សភាកម្ពុជា មិនត្រឹមតែស្តែងឱ្យឃើញពីការកើនឡើងនូវឥទ្ធិពល និងតួនាទីដ៏សកម្មរបស់កម្ពុជាលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់សហគមន៍អន្តរជាតិ មកលើសមត្ថភាពដឹកនាំ និងការរួមចំណែកដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់តំបន់ និងពិភពលោកផងដែរ៕

