រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់

ហ៊្សេរុយសាឡិម៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល លោក Itamar Ben Gvir ដែលមាននិន្នាការនយោបាយស្តាំនិយម បានចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់ ដោយលោកអះអាងថា អ៉ីស្រាអែលមិនជាប់កាតព្វកិច្ច ក្នុងកិច្ចព្រមព្រៀងនោះទេ។
ក្នុងប្រតិកម្មដំបូងពីសំណាក់មន្រ្តីអ៉ីស្រាអែល លោក Ben Gvir បានបង្ហោះសារនៅលើបណ្តាញសង្គមដូច្នេះថា «កិច្ចព្រមព្រៀងរបស់លោក ត្រាំ មិនចងភ្ជាប់យើងទេ… យើងមិនមែនជាភាគីក្នុងកិច្ចព្រមព្រៀងនេះទេ។ វាមិនធានាការពារសន្តិសុខយើងទេ។ ពួកយើងដាច់ខាតមិនត្រូវបញ្ចប់ឡើយ លុះត្រាតែកម្ទេចក្រុមហេសបូឡាបានទាំងស្រុង។ យើងមិនត្រូវដកថយសូម្បីតែមួយជំហានចេញពីទឹកដី ដែលកងទ័ពរបស់យើងកាន់កាប់បាន ហើយបានបោសសម្អាតហេដ្ឋារចនាសម្ព័ន្ធរបស់ពួកភេរវករ»។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ អាមេរិកនិងអ៉ីរ៉ង់ បានប្រកាសថា ទីបំផុតពួកគេបានឈានដល់កិច្ចព្រមព្រៀងគោលមួយ ដើម្បីបិទបញ្ចប់សង្រ្គាម រវាងប្រទេសទាំងពីរហើយ ដែលនឹងលុបចោលការបិទខ្ទប់របស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ហើយ ការចុះហត្ថលេខានឹងប្រព្រឹត្តទៅ នៅថ្ងៃសុក្រសប្តាហ៍នេះ ក្នុងប្រទេសស្វ៉ីស។
គួរបញ្ជាក់ថា លក្ខខណ្ឌលម្អិតមិនទាន់ត្រូវបង្ហើបនៅឡើយទេ។ ប៉ុន្តែនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif ដែលជាអ្នកជួយសម្រុះសម្រួលជម្លោះអាមេរិក-អ៉ីរ៉ង់ បានឱ្យដឹងក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ថាអនុស្សារណយោគយល់រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានអំពាវនាវឱ្យបិទបញ្ចប់ជាបន្ទាន់ និងអចិន្ត្រៃយ៍ នូវប្រតិបត្តិការយោធានៅគ្រប់សមរភូមិទាំងអស់ រួមទាំងនៅលីបង់ជាទីដែលអ៉ីស្រាអែល កំពុងបន្តការវាយប្រយុទ្ធជាមួយក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់៕

