អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា

បន្ទាយមានជ័យ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ កង សុឃន ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ស្ដីពីករណីហិង្សាដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង២២និង១០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចមុខបន្ទប់ជួលរបស់ជនរងគ្រោះដែលបង្កឡើងដោយជនសង្ស័យឈ្មោះ អ៊ឹង ប៊ុនឃាង ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីទទួលបានបណ្តឹងខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះដល់ទីតាំងកើតហេតុ ហើយធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង១៩ និង០០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលេីនៅចំណុចបន្ទប់ជួល ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សាទៅលើឈ្មោះ កង សុឃន ភេទស្រី អាយុ៣៤ឆ្នាំ ដែលជាអតីតសង្សារចាស់របស់ខ្លួនពិតប្រាកមែន។
ដោយផ្អែកលេីចម្លេីយសារភាពនងមានរបួសស្នាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៦ម្សិលមិញនេះ ដើម្បីអនុវត្តតាមនីតិវិធី៕
