លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី

កៀវ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា រូបលោកបានសន្ទនាតាមទូរសព្ទជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅសម្រេចឱ្យបានទីបញ្ចប់ សម្រាប់សង្រ្គាមជាមួយរុស្ស៉ីដែលអូសបន្លាយអស់រយៈពេលជាង៤ឆ្នាំ។
មុនកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 នៅប្រទេសបារាំង ជាទីដែលលោក ត្រាំ រួមទាំងមេដឹកនាំដទៃទៀត នឹងត្រូវពិភាក្សាគ្នាអំពីសង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន នាថ្ងៃអង្គារសប្តាហ៍នេះ លោក ហ្សេលេនស្គី បាននិយាយថា «ពួកយើងបានជជែកអំពីអ្វីដែលអាចជួយនាំយកសន្តិភាពមកកៀក នាពេលនេះ ហើយខ្ញុំបានជូនដំណឹងដល់លោកប្រធានាធិបតី ត្រាំ អំពីស្ថានការណ៍វិវត្តន៍ចុងក្រោយនៅលើសមរភូមិ ហើយប្រាប់លោកអំពីការដែលគោលជំហរបស់យើង ត្រូវបានពង្រឹងបន្ថែម។ យើងមានគំនិតល្អៗមួយចំនួន ដែលអាចជួយនាំសន្តិភាពឱ្យមកជិតជាងមុន»។
លោកប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា រូបលោកនិងលោក ត្រាំ បានយល់ព្រមជួបពិភាក្សាគ្នាផ្ទាល់ អំឡុងកិច្ចប្រជុំ G7 នៅប្រទេសបារាំង ដ្បិតលោក ហ្សេលេនស្គី ក៏ត្រូវបានអញ្ជើញឱ្យចូលរួមផងដែរ។
លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា វាគឺជារឿងសំខាន់ក្នុងការធានានូវការគាំទ្ររបស់អាមេរិក សម្រាប់កិច្ចប្រឹងប្រែងរបស់អ៊ុយក្រែន ដើម្បីឆ្ពោះទៅរកសន្តិភាព រួមគ្នាជាមួយការគាំទ្រពីសំណាក់បណ្តាសម្ព័ន្ធមិត្តនៅអឺរ៉ុបរបស់អ៊ុយក្រែន។
គួរបញ្ជាក់ថា កិច្ចប្រឹងប្រែងចរចាជំរុញដោយអាមេរិក ដែលសំដៅឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន-រុស្ស៉ី បានជាប់គាំងច្រើនខែមកហើយ ស្របពេលដែល ទីក្រុងវ៉ាស៉ីនតោនជាប់រវល់ក្នុងសង្រ្គាមរបស់ខ្លួនផ្ទាល់ ជាមួយប្រទេសអ៉ីរ៉ង់៕

