មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានសម្របសម្រួលរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាលាប្រជុំខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ ជាច្រើននាក់។
សូមជម្រាបជូនដែរថា ពិធីប្រកាសមុខតំណែងខាងលើ ត្រូវបានរៀបចំឡើងក្នុងការផ្ទេរ លោក រស់ ផារិទ្ធ ពីអភិបាលរងខេត្តស្វាយរៀង មកជាអភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក ពាង ណារិទ្ធ និងផ្ទេរ លោក ស្រេង សុភាព ពីអភិបាលរងខេត្តក្រចេះ មកជាអភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក កេង ប៊ុនណា ដែលដល់អាណត្តិការងារ៕

