ប្រធានាធិបតីតួកគីថា លោក ដូណាល់ ត្រាំ បានស្នើសុំឱ្យប្រទេសរបស់លោកជួយបញ្ចុះបញ្ចូលក្រុមហាម៉ាស ឱ្យគាំទ្រផែនការរបស់លោក ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា

អង់ការ៉ា៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើសុំឱ្យប្រទេសរបស់លោកជួយបញ្ចុះបញ្ចូលក្រុមហាម៉ាស ឱ្យគាំទ្រផែនការរបស់លោក ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Erdogan បានបញ្ជាក់ថា លោក ត្រាំ បានស្នើសុំដោយផ្ទាល់ឱ្យតួកគីនិយាយជាមួយក្រុមហាម៉ាស ហើយបញ្ចុះបញ្ចូលពួកគេ។
លោកបានបន្ថែមថា «យើងកំពុងពន្យល់ពួកគេ (ហាម៉ាស) អំពីអ្វីដែលត្រូវធ្វើ ដើម្បីឱ្យប៉ាឡេស្ទីនអាចឆ្ពោះទៅមុខ»។
មន្ត្រីតួកគី រួមទាំងប្រមុខស៊ើបការណ៍សម្ងាត់ លោក Ibrahim Kalin កំពុងចូលរួមក្នុងការចរចាដែលធ្វើឡើងនៅប្រទេសអេហ្ស៉ីប។ ថ្វីបើខ្លួនគាំទ្រផែនការនេះក្តី តួកគីគឺជាអ្នករិះគន់ខ្លាំងបំផុតមួយចំពោះប្រតិបត្តិការរបស់អ៉ីស្រាអែលនៅហ្កាហ្សា៕
