សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព

សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាថ្លែងថា រាជរដ្ឋាភិបាល បានទទួលស្គាល់ថា ស្ត្រីមិនត្រឹមតែជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកកសាងថែរក្សាសុខសន្តិភាព។
សម្តេចធិបតី លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦” នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។
សម្តេចធិបតីបន្ដថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព នៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ញកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងប្រជាពលរដ្ឋក្នុងសង្គម ដែលមានអរិយៈធម៌ខ្ពស់ ប្រកបដោយសិល្បធម៌ សមធម៌ និងបរិយាបន្ន ដោយក្នុងនោះស្ត្រីគឺជាស្នូល នៅក្នុងការអភិវឌ្ឍរបស់យើង។
សម្តេចធិបតីបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តបង្កើនការវិនិយោគលើសមត្ថភាពយែនឌ័រ និងបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅក្នុងវិស័យអប់រំ សេដ្ឋកិច្ច សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ ពីភាពយែនឌ័រ ការបង្ករលក្ខណៈអំណោយផលដល់ស្ត្រី ក្នុងការប្រើប្រាស់សិទ្ធិ ធ្វើការសម្រេចចិត្ត ក្នុងផែនការគ្រួសារ ដោយកាត់បន្ថយភាពងាយរងគ្រោះ អំពើហិង្សាទាក់ទងនឹងយែនឌ័រ និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។
ទទ្ទឹមនេះ សម្តេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «រាជរដ្ឋាភិបាល ក៏បានទទួលស្គាល់ថា ស្ត្រីមិនត្រឹមតែជាអ្នកទទួលផល ពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកកសាង ថែរក្សាសុខសន្តិភាព ចាប់តាំងពីគ្រួសារ សហគមន៍ សង្គមជាតិ ព្រមទាំងនៅលើឆាកអន្តរជាតិ»៕

