កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ ពិធីសារទីមួយនេះ មានចំនួន ៤មាត្រា និងសេចក្តីបន្ថែមចំនួន ១ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើវិសោធនកម្មជំពូក ៣ ស្តីពីវិធានដើមកំណើតទំនិញ ដោយផ្តោតសំខាន់លើបទប្បញ្ញត្តិពាក់ព័ន្ធវិធានជាក់លាក់សម្រាប់ផលិតផល និងដាក់បញ្ចូលលទ្ធផលនៃការចរចាវិធានជាក់លាក់សម្រាប់ផលិតផលថ្មីទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន សំដៅអនុវត្តវិធានដើមកំណើតទំនិញប្រកបដោយប្រសិទ្ធភាព និងមានលក្ខណៈសម្រួលពាណិជ្ជកម្ម។
ប្រទេសដែលជាសមាជិកនឹងទទួលបានអត្ថប្រយោជន៍ រួមមាន (១) ចូលរួមចំណែកលើកកម្ពស់តម្លាភាព និងប្រសិទ្ធភាព នៅក្នុងការអនុវត្តជំពូកស្តីពីវិធានដើមកំណើតទំនិញ ជាពិសេស វិធានជាក់លាក់សម្រាប់ផលិតផលសំដៅជំរុញការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (២) បង្កលក្ខណៈកាន់តែងាយស្រួលដល់ពាណិជ្ជករ ក្នុងការស្វែងរកលក្ខខណ្ឌដើមកំណើតទំនិញសម្រាប់ផលិតផលរបស់ខ្លួន ជាពិសេសសហគ្រាសធុនតូចនិងមធ្យម និង (៣) ចូលរួមពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់ សំដៅធានាលំហូរទំនិញដោយរលូននិងឆាប់រហ័សរវាងប្រទេសជាសមាជិក ដើម្បីឆ្លើយតបតាមតម្រូវការ និងការវិវត្តន៍នៃសេដ្ឋកិច្ចតំបន់ និងសកល៕

