សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បើកកិច្ចប្រជុំវិសាមញ្ញលើកទី២ តាមរបៀបវារៈចំនួន៩

ភ្នំពេញ៖ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី២ តាមរបៀបវារៈចំនួន៩ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា លោកជំទាវហេរញ្ញិកសាខា សមាជិកគណៈកម្មាធិការសាខា និងមន្ត្រីពាក់ព័ន្ធមួយចំនួន នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំទីស្នាក់ការរបស់សាខា។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានពិភាក្សាទៅលើការត្រៀមរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំរបស់កាកបាទក្រហមកម្ពុជា ឲ្យបានដំណើរការទៅប្រកបដោយភាពរលូន និងទួលបានជោគជ័យល្អប្រសើរ។ ពាក់ព័ន្ធការៀបចំទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំនេះ អង្គប្រជុំបានសម្រេចពុំធ្វើការប្រារព្ធជាមិទ្ទិងនោះទេ គឺធ្វើជាពិធីប្រគល់-ទទួលថវិកាពីសប្បុរសជន ដោយកំណត់ធ្វើចំនួន៤លើករៀងរាល់ថ្ងៃអង្គារ ចាប់ពីថ្ងៃអង្គារ ទី៦ ខែឧសភាខាងមុខតទៅ។
ជាមួគ្នានេះ ឯកឧត្តមបានជំរុញដល់សមាជិកសមាជិកាគណៈកម្មាធិការសាខា ត្រូវខិតខំគៀងគរសប្បុរសជននានា ដើម្បីចូលរួមបរិច្ចាគថវិកាក្នុងការជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាឲ្យបានផុលផុស។
ឯកឧត្តមបានក្រើនរំលឹកដល់គណៈកម្មាធិការសាខាទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយអំពីសកម្មភាពចម្រុះវិស័យរបស់កាបាទក្រហមកម្ពុជា ដល់សប្បុរសជនទូទៅ ដែលបានចូលរួមថវិកាឲ្យបានគ្រប់ៗគ្នា និងធ្វើរការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម និងទូរទស្សន៍នានា ជាពិសេសត្រូវរៀបចំធ្វើបដិសណ្ឋារកិច្ចចំពោះសប្បុរសជនដែលមកចូលរួមឲ្យបានល្អប្រសើរ ត្រូវត្រៀមរៀបចំធ្វើលិខិតថ្លែងអំណរគុណឱ្យបានទាន់ពេលវេលាសម្រាប់ផ្តល់ជូនសប្បុរសជន។ ជាងនេះទៅទៀត គឺត្រូវគិតគូរទុកដាក់នូវថវិកា ដែលទទួលបានមកពីសប្បុរសជន ឲ្យមានសុវត្ថិភាពបំផុតនៅក្នុងប្រព័ន្ធធនាគារ។
នាឱកាសនោះផងដែរ ឯកឧត្តមក៏បានដឹកនាំកិច្ចប្រជុំបន្ត ដោយធ្វើការពិនិត្យ និងពិភាក្សាគ្នាយ៉ាងផុលផុសបំផុត លើរបៀបវារៈនីមួយៗទាំង៩ចំណុច បានចប់សព្វគ្រប់ប្រកបដោយលទ្ធផលល្អប្រសើរតាមការគ្រោងទុក៕

