បណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមនឹងតំណែងបេក្ខភាពនាយករដ្ឋមន្រ្តី

ភ្នំពេញ៖ ក្រុមខ្មែរជួយខ្មែរដែលរស់នៅទីក្រុងមូដេសស្តូ រដ្ឋកាលីហ្វរនីញា សហរដ្ឋអាមេរិក បានចេញសេក្ដីថ្លែងការណ៍មួយដោយបានបញ្ជាក់ថា បេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺពិតជាសមស្របទៅតាមចំណេះដឹង កម្រិតវប្បធម៌ ភាពចាស់ទុំ អាយុកាល បទពិសោធន៍ និងសមត្ថភាពបើប្រៀបធៀបទៅនឹងបេក្ខភាព ឬបុគ្គលិកលក្ខណ:របស់ឥស្សរជនដែលជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាលក្នុងតំណែងនៅប្រទេសជឿនលឿន។
ក្នុងសេចក្តីថ្លែងការណ៍បំភ្លឺបានបញ្ជាក់ថា តាងនាមជាក្រុមអព្យាក្រិត ដែលតែងតែបញ្ចេញយោបល់ និងបង្ហាញទស្សន:នៅតាមបណ្ដាញសង្គម ដូចជាប្រព័ន្ធ Facebook, Youtube និង Streamyardសូមប្រកាសជាឧឡារិកថា បេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាសមស្របទៅតាមចំណេះដឹង កំរិតវប្បធម៌ ភាពចាស់ទុំ អាយុកាល បទពិសោធន៍និង សមត្ថភាពបើប្រៀបធៀបទៅនឹងបេក្ខភាពឬបុគ្គលិកលក្ខណ:របស់ឥស្សរជនដែលជាប្រមុខរដ្ឋនិងជាប្រមុខរដ្ឋាភិបាល ក្នុងតំណែងនៅប្រទេសជឿនលឿននិងធំៗដទៃ ទៀតនៅលើពិភពលោក។
សេចក្តីថ្លែងការណ៍បានបង្ហាញនូវទឡ្ហីករណ៍មួយចំនួន។ឧទាហរណ៍ជាក់ស្តែងបើនិយាយអំពីអាយុកាលនិង ភាពចាស់ទុំនៅពេលចូលកាន់តំណែងឥស្សរជនដែលជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាលក្នុងតំណែងមាន៖ លោកនាយករដ្ឋមន្ត្រីប្រទេសកាណាដា Justin Trudeau (៤១ឆ្នាំ) លោកប្រធានាធិបតីប្រទេសបារាំង Emmanuel Macron (៣៩ ឆ្នាំ) លោកស្រីនាយករដ្ឋមន្ត្រីប្រទេសអង់គ្លេស Mary Elizabeth Truss (៤៧ ឆ្នាំ) លោកស្រីនាយករដ្ឋមន្ត្រីប្រទេសញ៉ូសេឡែន Jacinda Ardern (៣៧ ឆ្នាំ) លោកប្រធានាធិបតីប្រទេស អ៊ុយក្រែន Volodymyr Zelenskyy (៤២ ឆ្នាំ) លោកអតីតប្រធានាធិបតីប្រទេសរុស្សី Dmitry Medvedev(៤៣ឆ្នាំ) និងមានឥស្សរជនកំពូលៗដទៃទៀតនៅបណ្តាបស្ចឹមប្រទេសជាច្រើន។
សេចក្តីថ្លែងការណ៍ក្រុមខ្មែរជួយខ្មែរបានបញ្ជាក់បន្ថែមថា ក្នុងនាមសមាជិកក្រុមខ្មែរជួយ ខ្មែរដែលសុទ្ធសឹងជា បញ្ញវន្តរស់នៅបស្ចឹមប្រទេស មានសញ្ញាប័ត្រចាប់តាំងពីកម្រិតបរិញ្ញាបត្រ អនុបណ្ឌិតរហូតដល់បណ្ឌិតពីសាលា នានាក្នុងសហរដ្ឋអាមេរិក ប្រទេស បារាំងនិងប្រទេសកម្ពុជាដែលធ្លាប់និងកំពុងបម្រើការជាវិស្វករនៅប្រទេស បារាំង ជាសាស្ត្រាចារ្យ បុគ្គលិក្រសួងសង្គមកិច្ចនិងក្រសួងអប់រំ មន្ត្រីវិស្វកម្មនៃស្ថាប័នរក្សាកម្មសិទ្ឋបញ្ញានិងមន្ត្រីក្រសួង ការពារជាតិនៃសហរដ្ឋអាមេរិក សមាជិកក្រុមខ្មែរជួយខ្មែរ មាន បទពិសោធន៍គ្រប់គ្រាន់ក្នុងការបំភ្លឺវាយតម្លៃ និងផ្តល់សេចក្តីទុកចិត្តដល់បេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ទាក់ទងទៅនឹងសញ្ញាបត្រ និងកម្រិត វប្បធម៌ដែលចេញដោយបណ្ឌិតសភាយោធាសកលវិទ្យាល័យ New York នៃសហរដ្ឋ អាមេរិក និង សកលវិទ្យាល័យ Bristol នៃប្រទេសអង់គ្លេស។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា មេដឹកនាំគណបក្សប្រឆាំងគឺលោក សម រង្ស៉ី ត្រូវបានគេដឹងថាមានកម្រិត វប្បធម៌ត្រឹមតែអនុបណ្ឌិតមកពីប្រទេសបារាំង។លោក សម រង្ស៊ី បានធ្វើការចោទប្រកាន់កាលពីថ្ងៃទី១៣ កញ្ញា ២០២២កន្លងទៅនេះ(សញ្ញាបត្រលោក ហ៊ុនម៉ាណែត)ក្នុងគោលបំណងបំភាន់សាធារណមតិដែលថាសញ្ញាបត្រ និងកម្រិតវប្បធម៌ដល់ថ្នាក់បណ្ឌិតមកពីប្រទសអង់គ្លេសរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាសញ្ញាបត្រ អនុគ្រោះ ក្រោមស្តង់ដារ មិនមានគុណភាព មិនមានបទពិសោធន៍និងមិនមានភាព ចាសទុំសមជាអ្នកដឹកនាំក្នុងតំណែង ជានាយករដ្ឋមន្ត្រី។
ក្រុមខ្មែរជួយខ្មែរសូមអំពាវនាវដល់មជ្ឈដ្ឋានសាធារណជនទាំងក្នុង និងក្រៅប្រទេសសូមមេត្តាឈប់ភ័ន្តច្រលំ និងយល់ខុសតាមការវាយតម្លៃខុស ការបន្តុះបង្អាប់ ដែលមានលក្ខណ:នយោបាយនិងមិនមានមូលដ្ឋានពិតប្រាកដ របស់មេបក្សប្រឆាំងនេះតទៅទៀត៕

