ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង

ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានគូសបញ្ជាក់ថា គ្រឿងញៀនគឺជាបញ្ហាប្រឈមដ៏ធំរបស់សង្គមជាតិ ដែលទាមទារឱ្យមានការរឹតបន្តឹង និងបង្កើនវិធានការប្រយុទ្ធប្រឆាំងឱ្យកាន់តែខ្លាំងក្លា ដើម្បីលុបបំបាត់ឱ្យខានតែបានពីប្រទេសកម្ពុជា។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ចំណេះដឹងអំពីគ្រឿងញៀន» ជូនដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នេះ។
ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជាតាំងពីអាណត្តិមុនៗ រហូតមកដល់បច្ចុប្បន្ន តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជាក់ស្តែង វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងចាត់ទុកបញ្ហាគ្រឿងញៀនជាអាទិភាពចម្បងត្រូវដោះស្រាយ។ វិធានការនេះ ក៏ស្របទៅនឹងការដាក់ចេញនូវយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ។
ឯកឧត្តម ឡេង ប៉េងឡុង បានសង្កត់ធ្ងន់ថា ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនរាជរដ្ឋាភិបាលក៏ធ្លាប់បានប្រកាសគោលការណ៍យ៉ាងម៉ឺងម៉ាត់បំផុត ដោយមិនលើកលែងឡើយ ពោលគឺគ្រប់មន្ត្រីរាជការទាំងអស់ ប្រសិនបើពិនិត្យឃើញថាមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌមន្ត្រីរាជការភ្លាមៗតែម្តង។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់មន្ត្រីទាំងអស់ ត្រូវប្ដេជ្ញាចិត្តខ្ពស់បំផុតក្នុងការជៀសវាង និងមិនពាក់ព័ន្ធនឹងគ្រឿងញៀនដាច់ខាត ព្រមទាំងបានសម្តែងការកោតសរសើរចំពោះមន្ត្រីជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានខិតខំបោសសម្អាត និងបង្ក្រាបបទល្មើសនេះ ធ្វើឱ្យស្ថានភាពសង្គមមានភាពប្រសើរឡើងជាលំដាប់។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានទស្សវត្សចុងក្រោយនេះ បញ្ហាគ្រឿងញៀននៅតែមានភាពស្មុគស្មាញខ្ពស់ ដោយសារសកម្មភាពផលិត ការចរាចរណ៍ និងការជួញដូរ មានការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស ដែលបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម និងការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមអគ្គលេខាធិការរង បានបន្ថែមថា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង តាមរយៈការដាក់ចេញនូវបទបញ្ជាគោលនយោបាយព្រមទាំងយុទ្ធសាស្ត្រនិងវិធានការចំគោលដៅជាច្រើន។ ហើយវគ្គបណ្តុះបណ្តាលនាពេលនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងការយល់ដឹងរបស់មន្ត្រីរដ្ឋសភាឱ្យកាន់តែស៊ីជម្រៅអំពីប្រភេទគ្រឿងញៀន ដើម្បីយកចំណេះដឹងទាំងនេះទៅធ្វើជាទុនក្នុងការផ្សព្វផ្សាយបន្តទៅកាន់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យកាន់តែទូលំទូលាយ៕

