ឯកឧត្តម ថោង ខុន និងលោកជំទាវ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេកលោកជំទាវ ម៉ែន សំអន
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកជំទាវ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា ញឹម តេង (ត្រូវជាម្តាយក្មេករបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច) ដែលបានទទួលមរណភាពកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៖៤០នាទីរសៀល ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ឯកឧត្តម ថោង ខុន បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងបានសរសេរសាររំលែកមរណទុក្ខជូនលោកជំទាវឧបនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ ព្រមទាំងបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់មហាឧបាសិកា ញឹម តេង បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕