ឯកឧត្តម ហ៊ុន ម៉ានី ជំរុញឱ្យ ស.ស.យ.ក. វិស័យព័ត៌មាន បន្តពង្រឹងសមត្ថភាពក្នុងបរិបទពិភពលោកវិវត្តយ៉ាងឆាប់រហ័ស

ភ្នំពេញ៖ ក្នុងឱកាសនៃពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យព័ត៌មាន ឯកឧត្តម នេត្រ ភត្រា្ត រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យព័ត៌មាន បានលើកឡើងនូវអ្វីដែលជាបេសកម្ម និងចក្ខុវិស័យក្នុងការប្រមូលផ្តុំកម្លាំងយុវជន ដែលមានសមត្ថភាព ជំនាញ ឆន្ទៈ មនសិការ សេចក្តីក្លាហាន និងបេះដូងស្នេហាជាតិ ដើម្បីរួមកម្លាំងគ្នា ចូលរួមបម្រើបុព្វហេតុសង្គមជាតិ មាតុភូមិកម្ពុជា។ យ៉ាងណាមិញ គ្រប់សកម្មភាពរបស់ ស.ស.យ.ក. វិស័យព័ត៌មាន នឹងបន្តបេសកកម្មរបស់ខ្លួនស្របតាមទិសដៅរួមរបស់ ស.ស.យ.ក. ក្នុងការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិ និងសមិទ្ធផលនានារបស់កម្ពុជា ប្រកបដោយវិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវខ្ពស់ និងការប្រើប្រាស់ព័ត៌មានប្រកបដោយភាពត្រឹមត្រូវ។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានថ្លែងអំណរគុណ និងកោតសរេសើរ ក្រុមការងារ ស.ស.យ.ក. វិស័យព័ត៌មាន ដែលសម្រេចបាននូវសមិទ្ធផលការងារ និងសកម្មភាពការងារ ជាច្រើននាពេលកន្លងមក រួមមាន សកម្មភាពមនុស្សធម៌ សង្គមកិច្ច និងកីឡា, ការលើកស្ទួយវប្បធម៌ និងសង្គមជាតិ, ការងារផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំង ព័ត៌មានក្លែងក្លាយ, ការពង្រឹង និងពង្រីកសមាជិកភាពក្នងវិស័យផងដែរ។
ឯកឧត្តមបន្ថែមទៀតថា នៅក្នុងបរិបទដែលពិភពលោក បាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស ជាមួយនឹងភាពមិនប្រាកដប្រជានៃស្ថានភាពសង្គម សេដ្ឋកិច្ច ស.ស.យ.ក. ចាំបាច់ត្រូវ ពង្រឹង និងអភិវឌ្ឍបន្ថែមទៀត ដើម្បីបន្តសម្រេចបាននូវបុព្វហេតុ និង បេសកកម្មរបស់ខ្លួន ដោយបន្តថែរក្សាកេរដំណែលដែលបន្សល់ទុកពីអតីត យុទ្ធជន និងបន្តកសាងសមិទ្ធផលសំខាន់ៗថ្មីបន្ថែមទៀត៕


