Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz

តេហេរ៉ង់៖ នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ទីភ្នាក់ងារព័ត៌មាន Axios បានរាយការណ៍ដោយដកស្រង់សម្តីមន្រ្តីអាមេរិក ២នាក់ ថាអ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីយប់ថ្ងៃចន្ទ។ Axios រាយការណ៍ថា កប៉ាល់ពាណិជ្ជកម្មនោះបានរងការខូចខាតខ្លាំង ប៉ុន្តែគ្មានអ្នករងរបួសទេ។
ដោយឡែក ទីភ្នាក់ងារសន្តិសុខដែនសមុទ្ររបស់ចក្រភពអង់គ្លេស (UKMTO) បានឱ្យដឹងថា កប៉ាល់ដឹកប្រេងមួយគ្រឿងបានឆេះ បន្ទាប់ពីរងការវាយប្រហារដោយគ្រាប់ផ្លោង មិនស្គាល់ប្រភេទមួយគ្រាប់ នៅភាគខាងកើតនៃទីក្រុង Limah ប្រទេសអូម៉ង់ នាព្រលឹមថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ហើយមិនមានរបាយការណ៍អំពីមនុស្សរងគ្រោះ ឬផលប៉ះពាល់បរិស្ថានឡើយ។
ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍របស់ Axios ឬរបាយការណ៍របស់ UKMTO បាននៅឡើយទេ។ រីឯទីបញ្ជាការកណ្តាលអាមេរិក មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

