នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យកងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ បង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams), បទល្មើសគ្រឿងញៀន និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសធ្វើយ៉ាងណាទាមទារភាពស្អាតស្អំ និងកិត្តិយសរបស់កម្ពុជាមកវិញ។
ការណែនាំនេះធ្វើឡើងក្នុងឱកាស នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ នៅសាលប្រជុំខេត្តព្រៃវែង ទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ថា កម្ពុជាស្ថិតនៅតំបន់ភូមិសាស្រ្តនយោបាយ ដែលងាយរងនូវសម្ពាធពីប្រទេសមហាអំណាច ដែលកំពុងដណ្ដើមយកឧត្តមភាពរៀងៗខ្លួន។ ទន្ទឹមនិងនេះ ការបន្តកើតមាននូវអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ គួបផ្សំការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើសនៅលើសកលលោក ទោះតិចក្តីច្រើនក្តី គឺបានជះឥទ្ធិពលជាអវិជ្ជមានមកលើព្រះរាជាណាចក្រកម្ពុជាផងដែរ។ ការណ៍នេះហើយ ដែលទាមទារឲ្យកងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវរួមសហការគ្នា ដាច់ខាតពុះពារ ជម្នះឲ្យបាននូវឧបសគ្គនានា ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកដល់មន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត លើបទល្មើសឧក្រិដ្ឋ ដូចជា អំពើឃាតកម្ម (ទាំងពលរដ្ឋខ្មែរ និងជនបរទេស) ការចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ និងបង្ខាំងមនុស្សដោយខុសច្បាប់, បទល្មើសគ្រឿងញៀន, អំពើជួញដូរមនុស្សគ្រប់ទម្រង់, សកម្មភាពក្មេងទំនើង, ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសមិនប្រពៃណី រួមទាំងបទល្មើសសេដ្ឋកិច្ច ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្នុងសង្គម។
ទោះជាយ៉ាងនេះក្តី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏មិនភ្លេចថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ ដែលក្នុងរយៈពេលមួយឆមាសទី១នេះ បានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចបានល្អ ដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល៕

