អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ទៅដល់ក្រុង-ស្រុកទាំងអស់ ព្រមទាំង មេឃុំ-ចៅសង្កាត់ និងភូមិ ទូទាំងខេត្ត បន្តបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលក្រុមនេះក៏បានធ្វើការផ្តាច់ខ្លួនពីក្រុមធំៗ មកជាក្រុមតូច ដែលកំពុងបង្កបខ្លួននៅតាមផ្ទះសំណាក់ និងតាមរថយន្តជាដេីម។
ឯកឧត្ដម អភិបាល ខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បែបនេះ ខណៈ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារកិច្ចមួយចំនួន ជាមួយអភិបាលរងខេត្ត អភិបាល ក្រុង-ស្រុក ចំនួន៨ (ក្នុងចំណោម៩ក្រុង-ស្រុក) រួមនឹងមេឃុំ-ចៅសង្កាត់ ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំ ក សាលា បន្ទាយមានជ័យ នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២៦។
ពាក់ព័ន្ធទៅនឹងបញ្ហានេះផងដែរក្រោយ មានការរកឃេីញ និងចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណនាពេលថ្មីៗ ដោយក្រុមឧក្រិដ្ឋជនបានបំបែកខ្លួនពីក្រុងប៉ោយប៉ែត មកសម្ងំលាក់ខ្លួនប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រុងសិរីសោភ័ណ។ ជាមួយគ្នានោះអាជ្ញាធរ និងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវទីតាំងសង្ស័យបន្ថែម ទៀ ដេីម្បីធ្វេីការបង្ក្រាបបោសសម្អាតឱ្យអស់។
ដេីម្បីកិច្ចការងារសម្រេចកិច្ចការងារនេះទៅបាន ឯកឧត្ដម អ៊ុំ រាត្រី ណែនាំដល់ក្រុង-ស្រុ ក ជាពិសេសមេឃុំ-ចៅសង្កាត់ និងភូមិ ត្រូវសហការក្នុងការចុះស្រង់ទិន្នន័យចំនួនជនបរទេស ដែលស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ប្រសិនបើមានករណីសង្ស័យថា មានកន្លែងលួចបង្កប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សូមរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការចុះប្រតិបត្តិការបង្ក្រាបឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានោះឯកឧត្តម អភិបាល ខេត្ត ក៏បានក្រេីនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ បន្តផ្សពវផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រង សន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដល់ម្ចាស់ទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ឱ្យចូលរួមសហការជាមួយអាជ្ញាធរ រាយការពីជនបរទេសដែលមកស្នាក់នៅ ប្រសិនបេីរកឃេីញម្ចាស់ទីតាំងណា ផ្តល់ទីតាំងឱ្យជនបរទេសស្នាក់ប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រឈមទៅនឹងការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។














