ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន និងកំពុងសហការរៀបចំធ្វើនវានុវត្តន៍សម្រាប់ការបញ្ជូន-ទទួលឯកសារ តាមរយៈការបង្កើតនូវថ្នាលឌីជីថលថ្មីមួយ។
ថ្នាលឌីជីថលនេះ ជាលទ្ធផលនៃការបង្កើតបណ្តាញអគ្គលេខាធិការដ្ឋានក្រសួង-ស្ថាប័ន ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងការរួមចំណែកដល់ការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ។
ដំណាក់កាលដំបូងនៃការរៀបចំនេះ ជាការផ្តោតសំខាន់លើការបញ្ជូន និងទទួលឯកសារ ដូចជាលិខិតអញ្ជើញជាដើម ពោលគឺ ធ្វើយ៉ាងណាបង្កើនមានភាពងាយស្រួល រហ័ស បត់បែន មានប្រសិទ្ធភាពជូនក្រសួង ស្ថាប័ន ហើយកាត់បន្ថយការចំណាយពេលវេលា និងការចំណាយធនធានផ្សេងៗនៅក្នុងដំណើរការបញ្ជូនឯកសាររបស់ស្ថាប័នមួយ ទៅស្ថាប័នដទៃទៀត៕

