ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត

កូឡុំបូ៖ ដោយប្រភពពីកងកម្លាំងប៉ូលិស និងមន្ទីរពេទ្យ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា នៅថ្ងៃចន្ទនេះ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត និងប្រហែល ១០០នាក់ផ្សេងទៀតរងរបួស។
ប្រភពបានឱ្យដឹងថា អំពើហិង្សានេះបានផ្ទុះឡើងតាំងពីថ្ងៃអាទិត្យ មកម៉្លេះ រវាងក្រុមអ្នកទោសដែលត្រូវបានកាត់ទោសរួច និងក្រុមជនសង្ស័យដែលកំពុងជាប់ឃុំឃាំងបណ្តោះអាសន្ន នៅក្នុងពន្ធនាគារក្នុងទីក្រុងជាប់មាត់សមុទ្រ នេហ្គុំបូ (Negombo) ដែលស្ថិតនៅចម្ងាយប្រមាណ ៣៥គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីពាណិជ្ជកម្មកូឡុំបូ (Colombo)។ ទោះជាយ៉ាងណា មូលហេតុពិតប្រាកដដែលបង្កឱ្យមានការផ្ទុះហិង្សានេះ នៅមិនទាន់ត្រូវបានបញ្ជាក់ឱ្យដឹងច្បាស់នៅឡើយទេ។
ប្រភពពីកងកម្លាំងប៉ូលិសបានបន្ថែមថា បច្ចុប្បន្នអាជ្ញាធរកំពុងធ្វើការបោសសម្អាតទីតាំងនានានៅក្នុងពន្ធនាគារ ខណៈមន្ត្រីជំនាញកំពុងមមាញឹកក្នុងការប្រមូលទិន្នន័យជាក់លាក់អំពីចំនួនអ្នកស្លាប់ និងអ្នករបួស៕


