សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន

ភ្នំពេញ៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជន កាលពីរសៀលថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន សមាជីក សមាជិកា អគ្គលេខាធិការ អគ្គលេខាធិការរង និងមន្រ្តីគណបក្សសរុបប្រមាណ ៤៥ រូប។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន និងឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងបានធ្វើរបាយការណ៍សង្ខេបអំពីសកម្មភាពការងារក្នុងឆមាសទី១ ឆ្នាំ២០២៦កន្លងមក ដែលរួមមានវឌ្ឍនភាពការងារពីគ្រប់គណៈចលនាជំនាញ អគ្គលេខាធិការដ្ឋាន រចនាសម្ព័ន្ធចលនាមហាជនទូទាំងប្រទេស និងការការងារតាមដានសភាពការណ៍ និងសតិអារម្មណ៍មហាជន ព្រមទាំងទិសដៅការងារបន្ទាប់ជូនអង្គប្រជុំ។ មានមតិដឹកនាំទៅកាន់អង្គប្រជុំ សម្តេចកិត្តិសង្គហបណ្ឌិត ប្រធានគណៈចលនាមហាជនបានធ្វើការថ្លែងអំណរគុណជូនដល់សមាជិក សមាជិកាគ្រប់រចនាសម្ព័ន្ធដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនគណបក្សកន្លងមក។ សម្តេចក៏បានដាក់ចេញនូវអនុសាសន៍ដឹកនាំសម្រាប់ការងារឆមាសបន្ទាប់ជូនដល់សមាជិក សមាជិកា អគ្គលេខាធិការដ្ឋាន និងគ្រប់រចនាសម្ព័ន្ធទាំងអស់បន្តអនុវត្ត ដើម្បីធានាប្រសិទ្ធភាព និងទទួលបានជោគជ័យជូនគណបក្សលើការបោះឆ្នោតនាពេលខាងមុខផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំក៏ទទួលបានការចូលរួមមតិយោបល់លើរបាយការណ៍វឌ្ឍនភាព ក៏ដូចជាការសង្កេតសភាពការណ៍សតិអារម្មណ៍មហាជន ពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជីកាគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលជាច្រើនរូបផ្សងទៀតផងដែរ។

