អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ការរំលោភដីចំណីផ្លូវ ដើម្បីសុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ

បាត់ដំបង៖ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានជំរុញឱ្យអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ បើកផ្លូវឱ្យបានធំទូលាយ និងរៀបចំដាក់សឡាបំភ្លឺផ្លូវ ដើម្បីសុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ឯកឧត្តម សុខ លូ បានជំរុញបែបនេះនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងពីរខែ្សនៅសង្កាត់ស្វាយប៉ោ និងសង្កាត់អូរចារក្រុងបាត់ដំបង គឺផ្លូវលេខ៤ ប្រវែង៣៦៥ម៉ែត្រ ទទឹង១២ម៉ែត្រ និងផ្លូវលេខ១១១ ប្រវែង១១២ម៉ែត្រ ទទឹង៦ម៉ែត្រ។
ក្នុងពិធីបើកការដ្ឋាននេះ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ខេត្តបាត់ដំបង ជាពិសេសក្រុងបាត់ដំបងមានភ័ព្វសំណាងដែលបានទទួលគម្រោងធំៗចំនួន៣ ដែលជាថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)អនុវត្តគម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូនរួមមាន៖ ទី១.ការសាងសង់ទីលានចាក់សំរាមស្ដង់ដារ នៅឃុំតាគ្រាម ស្រុកបាណន់ ដែលបាននិងកំពុងប្រើប្រាស់ដែលជាទីលានចាក់សំរាមស្ដង់ដារធំជាងគេមួយនៅកម្ពុជា ទី២.គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងបានសាងសង់រួចរាល់១០០ភាគរយ និងបានស្ថាបនាជួសជុលផ្លូវជាបន្តបន្ទាប់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ចំពោះការសាងសង់នៅខាងកើតស្ទឹងគឺមានភាពងាយស្រួលដោយសារមានប្រព័ន្ធរំដោះទឹកភ្លៀងនៅតាមបណ្ដាផ្លូវមួយចំនួនរួចហើយ។ បច្ចុប្បន្នទឹកភ្លៀង និងទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែត្រូវបានប្រមូលយកទៅធ្វើប្រព្រឹត្តកម្មនៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ១០ហិកតា នៅស្រុកសង្កែ មុនបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ ដែលឱ្យអាចប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មផ្សេងៗ។ ទី៣.គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹងសម្រេចការសាងសង់បានជិត១០០ភាគរយ តាមគម្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥នេះ ដែលនឹងត្រូវប្រមូលទឹកកខ្វក់ពីផ្ទះបងប្អូនប្រជាពលរដ្ឋយកទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ៨,៩ហិកតា នៅស្រុកឯកភ្នំ។
ឯកឧត្តម សុខ លូ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងឆ្នាំ២០២៦ខាងមុខនេះ គឺគម្រោងនៅប៉ែកខាងលិចស្ទឹងនឹងត្រូវបន្តដោយសាងសង់ផ្លូវចំនួន២១ខ្សែ មានប្រវែងប្រមាណ១០គីឡូម៉ែត្រនៅក្នុងក្រុងបាត់ដំបង ហើយផ្លូវមួយចំនួនទៀតក៏នឹងត្រូវសាងសង់ជាបន្តបន្ទាប់។
ឯកឧត្តមអភិបាលខេត្ត បានស្នើសុំការយោគយល់អធ្យាស្រ័យខ្ពស់ពីបងប្អូនប្រជាពលរដ្ឋដែលកន្លងមកជួបបញ្ហាលំបាក និងដីហុយជាដើម ប៉ុន្តែការសាងសង់ពិតជាជួបបញ្ហាលំបាកច្រើននៅប៉ែកខាងលិចនេះដោយសារត្រូវចំណាយរយៈពេលយូរក្នុងការកាយផ្លូវក្រោមដីដែលមានជម្រៅជ្រៅ និងលំបាកស្មុគស្មាញ។
ឯកឧត្តម បានសំណូមពរទៅដល់ខាងគម្រោង ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធមេត្តាយកចិត្តទុកដាក់ស្រោចទឹកផ្លូវជូនបងប្អូនប្រជាពលរដ្ឋដើម្បីកុំឱ្យដីហុយក្នុងអំឡុងពេលធ្វើដំណើរ។ ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ ក៏បានបង្ហាញពីទស្សនៈវិស័យក្នុងការអភិវឌ្ឍ និងរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាក្រុងមួយដែលមានភាពស្អាត បៃតង ឆ្លាតវៃ និងងាយស្រួលដើរ ដើម្បីលើកកម្ពស់សោភ័ណភាពបង្កើនការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ៕

