ជើងហោះហើរត្រង់រវាងឥណ្ឌា និងចិន ត្រូវបានចាប់ផ្តើមឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេល ៥ឆ្នាំ

ប៉េកាំង៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥ ជើងហោះហើរត្រង់រវាងឥណ្ឌា និងចិន ត្រូវបានចាប់ផ្តើមឡើងវិញ នាថ្ងៃអាទិត្យ ទី២៦ ខែតុលា បន្ទាប់ពីផ្អាកអស់រយៈពេល ៥ឆ្នាំ ដែលជាជំហានដ៏សំខាន់សម្រាប់វិស័យពាណិជ្ជកម្ម និងជាសញ្ញាល្អមួយ ខណៈប្រទេសទាំងពីរកំពុងកសាងទំនាក់ទំនងដោយប្រុងប្រយ័ត្ន។
ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មធំជាងគេរបស់ឥណ្ឌា IndiGo បានដំណើរការជើងហោះហើរប្រចាំថ្ងៃលើកដំបូង ដោយចាកចេញពីទីក្រុង Kolkata នៅម៉ោង ១០យប់ថ្ងៃអាទិត្យ ទៅកាន់ទីក្រុង Guangzhou ប្រទេសចិន។ ក្រៅពីនេះ ក៏មានជើងហោះហើរជាទៀងទាត់រវាងឥណ្ឌា និងទីក្រុងហុងកុង ខណៈដែលសេវាកម្មបន្ថែមពីរដ្ឋធានីញូវដេលី ទៅកាន់ទីក្រុង Shanghai និង Guangzhou នឹងចាប់ផ្តើមក្នុងខែវិច្ឆិកា។
រដ្ឋាភិបាលឥណ្ឌានិយាយថា ការបន្តជើងហោះហើរឡើងវិញនឹងជំរុញ «ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន» និងជួយឱ្យ «ការផ្លាស់ប្តូរទ្វេភាគីប្រែមកលក្ខណៈធម្មតាបន្តិចម្តងៗ»។
លោក Rajeev Singh ប្រធានសភាពាណិជ្ជកម្មឥណ្ឌា ប្រចាំទីក្រុង Kolkata បានប្រាប់ AFP ថា «ជើងហោះហើរទាំងនោះ នឹងផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មនានា»៕
