នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

បន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុកឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនឹងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅវេម៉ោង៧និង៣០នាទីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក និងកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំដី ល្បាតក្នុងភូមិសាស្ត្រ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ លុះដល់ចំណុច ផ្លូវបេតុងភូមិភ្នំដី ឃុំភ្នំដី បានជួបមុខសញ្ញាសង្ស័យចំនួន១នាក់ឈ្មោះ វឹង រស្មី ភេទប្រុស អាយុ១៨ឆ្នាំនៅភូមិគោកចារ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កំពុងឈរក្បែរជញ្ចើមផ្លូវ ពេលឃើញសមត្ថកិច្ចយើងឈប់ម៉ូតូភ្លាម ឈ្មោះខាងលើបានលូកហោប៉ៅខោយកប្រអប់ខ្មៅបោះចោល បន្ទាប់មកកម្លាំងយើងបានត្រួតពិនិត្យលើខ្លួន ដកហូតទូរស័ព្ទដៃចំនួន១(មួយ)គ្រឿង និងពិនិត្យជុំវិញបរិវេណដែលជនសង្ស័យឈរ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១(មួយ)ថង់តូចនិងបំពង់កែវច្នៃសម្រាប់ជក់ចំនួន១(មួយ)ក្នុងប្រអប់ពណ៌ខ្មៅដែលបានបោះចោល និងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១(មួយ)ថង់តូចទៀតនៅលើដី ហើយជនសង្ស័យបានសារភាពថាជារបស់ខ្លួន។
លោកអធិការបានបន្តទៀតថា ក្រោយមកសម្ថកិច្ចល្បាតបន្តទៀតក៏បានជួបមុខសញ្ញាសង្ស័យម្នាក់ទៀតឈ្មោះ ប៊ូន រ៉ាយុទ្ធ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិគោកចារ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ (ជាបក្សពួកឈ្មោះខាងលើ) និងបានត្រួនពិនិត្យលើខ្លួនរកឃើញបំពង់កែវច្នៃសម្រាប់ជក់ចំនួន១(មួយ) និងទូរស័ព្ទដៃចំនួន១( មួយ)គ្រឿង បន្ទាប់មកយើងបាននាំខ្លួនជនសង្ស័យទាំង២នាក់ខាងលើ មកកាន់អធិការដ្ឋាន។
លោកវរសេនីយ៍ឯកប៉ិក គឹមហ៊ាកបានបញ្ជាក់បន្ថែមទៀតថាឆ្លងតាមការធ្វើតេស្តទឹកនោមលទ្ធផលជនសង្ស័យទាំង២នាក់វិជ្ជមាន(+)មានសារធាតុញៀនទាំង២នាក់។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីអនុវត្តនីតិវិធីបន្ត៕
