អភិបាលខេត្តឧត្ដរមានជ័យ នាំយកអំណោយគ្រឿងឧបភោគបរិភោគប្រគល់ជូនអាជ្ញាធរក្រុងស្រុកទាំង៥ សម្រាប់ចែកជូនដល់ជនភៀសសឹក និងកងកម្លាំងជួរមុខ

ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ នាំយកអំណោយគ្រឿងឧបភោគបរិភោគជាត្រីងៀត របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិនិងលោកជំទាវ ប្រគល់ជូនអាជ្ញាធរក្រុងស្រុកទាំង៥សម្រាប់ចែកជូនបន្តដល់ជនភៀសសឹក និងកងកម្លាំងជួរមុខទិសទី៣ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
ការប្រគល់ជូនអំណោយ គ្រឿងឧបភោគបរិភោគជាត្រីងៀតដល់ជនភៀសសឹកនិងកងកម្លាំងជួរមុខនេះ ដើម្បីធានាថា ពួកគាត់មានស្បៀងអាហារបម្រុង ដែល អាចរក្សាទុកបានយូរ ខណៈពេលដែលពួកគាត់ កំពុងរង់ចាំការត្រឡប់ទៅលំនៅឋានវិញ ជាពិសេសក៏បានឆ្លុះបញ្ចាំង ពីការដឹងគុណ ចំពោះ វីរភាព និងការលះបង់របស់កងកម្លាំង ក្នុងការ ការពារអធិបតេយ្យជាតិ យ៉ាងរឹងមាំបំផុតផងដែរ៕

