ឯកឧត្តម សូ មុនីរក្សា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត តាមបែបវិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត តាមបែបវិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត នៅទីស្ដីការក្រសួងមហាផ្ទៃ។
នាឱកាសនេះ ឯកឧត្តមនាយក បានផ្ដាំផ្ញើ និងផ្តល់អនុសាសន៍ដ៏សំខាន់ទៅកាន់សិក្ខាកាមទាំងអស់ឱ្យយកចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលមកអនុវត្តក្នុងភារកិច្ចប្រចាំថ្ងៃ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចក្ខុវិស័យ។
ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យពង្រឹងកិច្ចសហការ និងការគោរពច្បាប់ ក្នុងការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត អនុវត្តតួនាទី និងភារកិច្ចដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបន្តការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនឱ្យកាន់តែប្រសើរ។ ចុងក្រោយឯកឧត្តមនាយក ក៏បានផ្តល់កិត្តិយសផ្តល់វិញ្ញាបនបត្រ ព្រមទាំងថតរូបអនុស្សាវរីយ៍ផងដែរ។
សូមជម្រាបថា សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បាននឹងកំពុងរៀបចំវគ្គបណ្តុះបណ្តាលខាងលើ ចំនួន៣វគ្គ សម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ដ ក្នុងនោះ វគ្គបណ្តុះបណ្តាលទី៣នេះ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា ២០២៥ សម្រាប់ក្រុមប្រឹក្សាខេត្ត ចំនួន១០ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រះវិហារ ខេត្តកោះកុង និងខេត្តកំពត ដែលមានសិក្ខាកាមសរុបចំនួន ៨៥រូប (ស្រី ១២រូប)៕

