លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង

ប៉េកាំង៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានទទួលជួបមេដឹកនាំបេឡារុស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង។
ទស្សនកិច្ចរបស់ប្រធានាធិបតីបេឡារុសនៅចិននាពេលនេះ គឺធ្វើឡើងបន្ទាប់ពីលោកបានជួបប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីសប្តាហ៍មុន។
លោក Lukashenko ដែលកាន់តំណែងជាមេដឹកនាំបេឡារុស តាំងតែពីឆ្នាំ១៩៩៤ បានអនុញ្ញាតឱ្យទីក្រុងមូស្គូប្រើប្រាស់ទឹកដីប្រទេសរបស់លោក ដើម្បីបើកការឈ្លានពានចូលអ៊ុយក្រែន កាលពីឆ្នាំ២០២២ ក៏ប៉ុន្តែ លោកបានបដិសេធចូលរួមពាក់ព័ន្ធក្នុងសង្រ្គាមដោយផ្ទាល់។
បេឡារុស ដែលមានព្រំប្រទល់ជាប់តំបន់ភាគខាងកើតរបស់ក្រុមប្រទេស NATO សព្វថ្ងៃបានទទួលឱ្យរុស្ស៉ីដាក់ពង្រាយ មីស៉ីលអាចបំពាក់នុយក្លេអ៊ែរស៊េរីថ្មីបំផុតរបស់រុស្ស៉ី ហៅថា Oreshnik។ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង ចិនបានតាំងខ្លួនជាភាគីអព្យាក្រឹត ប៉ុន្តែសម្ព័ន្ធមិត្តរបស់ទីក្រុងកៀវចោទថា ទីក្រុងប៉េកាំងបានលួចជួយទីក្រុងមូស្គូជាសម្ងាត់។
គួរបញ្ជាក់ថា លើកចុងក្រោយដែលលោក Lukashenko បានជួបជាមួយលោក ស៉ី ជីនពីង គឺកាលពីខែសីហា ឆ្នាំ២០២៥ មុនពេលចូលរួមពិធីប្រារព្ធព្យុហយាត្រាយោធាដ៏ធំសម្បើមមួយ នៅទីក្រុងប៉េកាំង ប៉ុន្មានថ្ងៃក្រោយពេលនោះ៕

