លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន

មូស្គូ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងបទសម្ភាសមួយផ្សព្វផ្សាយតាមវិមានក្រឹមឡាំង ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ថាប្រទេសរបស់លោក បានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន។
លោក ពូទីន គូសបញ្ជាក់ថា «ចំពោះការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាទូទៅ និងពិសេសលើហេដ្ឋារចនាសម្ព័ន្ធថាមពល ពិណាស់ ការវាយប្រហារទាំងនោះបានបង្កើតបញ្ហាឱ្យយើង។ ឥឡូវ យើងកំពុងសង្កេតមើលភាពខ្វះខាតជាក់លាក់ ប៉ុន្តែវាមិនធ្ងន់ធ្ងរទេ»។
តាមលោក ពូទីន ភារកិច្ច ចម្បង សម្រាប់ពេល នេះ គឺ បង្កើន សមត្ថភាព ប្រឆាំង យន្តហោះ ដ្រូន និង ធានា ការ ផ្គត់ផ្គង់ ប្រេងឥន្ធនៈ ជាពិសេស ទៅ កាន់ តំបន់ គ្រីមៀ។
នៅក្នុងបទសម្ភាសន៍ដដែល លោក ពូទីន ក៏បានបង្ហាញក្តីរំពឹងថា ក្រុមអ្នកចរចាអាមេរិកនឹងទៅទីក្រុងមូស្គូ ដើម្បីពិភាក្សាពីការបញ្ចប់សង្រ្គាមអ៊ុយក្រែន នៅពេលដែលទីក្រុងវ៉ាស៉ីនតោន លែងរវល់ជាមួយការដោះស្រាយសង្រ្គាមអ៉ីរ៉ង់។
សុន្ទរកថារបស់លោក ពូទីន បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន សម្លាប់មនុស្សម្នាក់នៅក្នុងតំបន់ Krasnodar ភាគខាងត្បូងប្រទេសរុស្ស៉ី និងបានបង្កអគ្គីភ័យក្នុងរោងចក្រចម្រាញ់ប្រេង។ ទីក្រុងកៀវ ចាត់ទុកការវាយប្រហារនោះជាការសងសឹក ទៅនឹងការវាយប្រហារជាប់ជាប្រចាំរបស់រុស្ស៉ី លើ ជន ស៊ីវិល អ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធថាមពលចាប់តាំងពី បើកការឈ្លានពាន ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕

