ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង

ការ៉ាកាស៖ ក្រុមអ្នកជួយសង្គ្រោះជាតិ និងអន្តរជាតិ កំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញកាលពីថ្ងៃទី២៨ ខែមិថុនា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើងជិតដល់១៥០០នាក់ហើយ។
ប្រធានសភាជាតិ លោក ចច រ៉ូឌ្រីហ្គេស (Jorge Rodriguez) បានប្រកាសធ្វើបច្ចុប្បន្នភាពទិន្នន័យចុងក្រោយបង្អស់ដោយបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើង២០នាក់បន្ថែមទៀត ធ្វើឱ្យតួលេខសរុបកើនដល់១៤៥០នាក់។ ក្រៅពីនេះ មនុស្សចំនួន ៣១៥០នាក់បានរងរបួស ជនភៀសខ្លួនកើនឡើងដល់១២៧២១នាក់ និងមានអគារដួលរលំខ្ទេចខ្ទីទាំងស្រុងចំនួន៧៧៤ខ្នង នៅក្នុងរដ្ឋឆ្នេរជាតិឡាក្វៃរ៉ា (La Guaira) ដែលជាចំណុចកណ្តាលនៃគ្រោះមហន្តរាយនេះ។
ទោះជាយ៉ាងណា ក្ដីសង្ឃឹមថ្មីមួយបានកើតឡើង បន្ទាប់ពីក្រុមសង្គ្រោះបានកាយទាញយកបុរសជាឪពុក និងកូនប្រុសម្នាក់ ចេញពីគំនរអគារបាក់បែកទាំងរស់រានមានជីវិត។
លោកស្រី ឌេលស៊ី រ៉ូឌ្រីហ្គេស (Delcy Rodriguez) ប្រធានាធិបតីបណ្តោះអាសន្ននៃប្រទេសវេណេហ្ស៊ុយអេឡា បានប្រកាសបង្កើតគណៈកម្មការប្រធានាធិបតី ដើម្បីចុះពិនិត្យ និងវាយតម្លៃលើសុវត្ថិភាពអគារដែលនៅសេសសល់ ព្រមទាំងបានសម្រេចផ្អាកការសិក្សារបស់សិស្សានុសិស្សរយៈពេលមួយសប្តាហ៍បន្ថែមទៀត។
លោកស្រីបន្ថែមថា បច្ចុប្បន្នប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីនៅក្នុងរដ្ឋឡាក្វៃរ៉ា ត្រូវបានស្តារឡើងវិញបានប្រមាណ៧៥ភាគរយហើយ ខណៈកងកម្លាំងសង្គ្រោះបរទេសជាង២៦០០នាក់កំពុងសហការគ្នាយ៉ាងសកម្ម ជាមួយអ្នកស្ម័គ្រចិត្តក្នុងស្រុក ទោះបីជាត្រូវប្រឈមមុខនឹងបញ្ហាកង្វះខាតគ្រឿងចក្រធុនធ្ងន់ និងការរញ្ជួយដីបន្ទាប់បន្សំរាប់រយដង ដែលកំពុងបន្តគំរាមកំហែងដល់សុវត្ថិភាពប្រតិបត្តិការក៏ដោយ៕

