ប្រធានាធិបតីអាម៉េរិក បានបង្ហាញគោលគំនិត្យនៃការពន្យារកាលបរិច្ឆេទ ដើម្បីបញ្ចប់កិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសនានា

បរទេស៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានបង្ហាញគោលគំនិត្យនៃការពន្យារកាលបរិច្ឆេទ ដើម្បីបញ្ចប់កិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសនានា មុនពេលពន្ធកម្រិតខ្ពស់ចូលជាធរមាននៅថ្ងៃទី៨ខែកក្កដា ប៉ុន្តែលោកជឿថា វាមិនចាំបាច់នោះទេ។
លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា ការចរចាពាណិជ្ជកម្មកំពុងបន្តជាមួយប្រទេសចំនួន១៥ រួមទាំង កូរ៉េខាងត្បូង ជប៉ុន និងសហភាពអឺរ៉ុប។ យ៉ាងណា លោកនិយាយថា លោកមិនជឿថា ការពន្យារពេលកំណត់ នឹងចាំបាច់នោះទេ។ សហរដ្ឋអាម៉េរិក នឹងផ្ញើលិខិតបញ្ជាក់ពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅកាន់ប្រទេសរាប់សិបផ្សេងទៀត ហើយពួកគេអាចទទួលយក ឬបដិសេធតាមការចង់បានរៀងៗខ្លួន។
រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក ស្កុត បេសិន បានប្រាប់សមាជិកសភាមុននេះថា រដ្ឋបាលត្រាំអាចពន្យារពេលកំណត់កិច្ចព្រមព្រៀងពាណិជ្ជកម្មខែកក្កដា ឬរំកិលកាលបរិច្ឆេទទៅមុខសម្រាប់ប្រទេសដែលចរចាដោយស្មោះត្រង់ ក្នុងករណីជាក់លាក់មួយចំនួន។
ការផ្អាកវិធានការពន្ធរយៈពេល៩០ថ្ងៃរបស់ ត្រាំ នឹងបញ្ចប់នៅថ្ងៃទី៨ ខែកក្កដា ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មតែមួយគត់ដែលបានយល់ព្រមជាមួយចក្រភពអង់គ្លេស ខណៈប្រទេសចំនួន១៧ផ្សេងទៀត កំពុងស្ថិតនៅដំណាក់កាលផ្សេងៗនៃការចរចា។ លោក បេសិន បានរំឭកឡើងវិញនូវលទ្ធភាពនៃពេលវេលាចរចាបន្ថែមទៀត ដោយនិយាយថា ប្រទេសដែលចរចាដោយស្មោះត្រង់ នឹងអាចឈានដល់កិច្ចព្រមព្រៀង៕
