សម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនិងហេដ្ឋារចនាសម្ព័ន្ធ នៃវិស័យអប់រំនៅស្រុកព្រះនេត្រព្រះ
បន្ទាយមានជ័យ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក សឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្ត្មម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមា នជ័យ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់នូវសមិទ្ធផលនិងហេដ្ឋារចនាសម្ព័ន្ធ នៃវិស័យអប់រំនៅស្រុកព្រះនេត្រព្រះ ដែលប្រារព្ធនៅសាលាបឋមសិក្សាត្របែក ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្តាយមានជ័យ និងមានការចូលរួមពី លោឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យលោកស្រី ងួន សោភ័ណ្ឌ ប្រធានប្រចាំតំបន់បាត់ដំបង និងបន្ទាយមានជ័យ នៃអង្គការទស្សនៈពិភពលោក ព្រមទាំងអាជ្ញាធរស្រុក ឃុំ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត បន្ទាយមានជ័យ មានប្រសាសន៍ថា ដោយធានាបាននូវសុខដុមរមនាប្រកបដោយស្នាមញញឹមសម្រាប់ការរស់នៅចិញ្ចឹមជីវភាព ប្រកបមុខរបរអាជីវកម្មរបស់ប្រជាពលរដ្ឋ ក៏ដូចជាដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ ក្រោមដំបូលនៃសន្តិភាពដែលកម្ពុជាពុំធ្លាប់មានអស់រយៈពេលជាយូរមកហើយនោះ ។ កាលណានិយាយពី “សន្តិភាព” គឺយើងទាំងអស់គ្នាតែងតែនឹកគិតដល់ សម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចគឺជាអគ្គមគ្គុទេសក៍ឯកដែលបានយកអាយុជីវិតទៅប្តូររហូតនាំមកនូវ “សន្តិភាព” ជូនប្រជាជនកម្ពុជា ហើយសម្តេចក៏ជាស្ថាបនិក ជាប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ នៃកម្ពុជា ដូចមានទិសស្លោកថា “មានសន្តិភាព គឺមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃ និងតទៅអនាគត”។
លោក អភិបាលរងខេត្តបានគុសបញ្ជាក់ថា ក្រោមម្លប់ នៃសន្តិភាព បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទាំងមូល មានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ ជាពិសេស ខេត្តបន្ទាយមានជ័យ មានការអភិវឌ្ឍលើគ្រប់វិស័យ និងបានលើកកម្ពស់ជីវភាពជូនប្រជាពលរដ្ឋ បានល្អប្រសើរ។ តន្ទឹមនោះដែរក្នុងនាមរដ្ឋបាលខេត្តនិងក្នុងនាមលោកផ្ទាល់ក៏សូមសំដែងនូវការអបអរសាទរ និងកោតសរសើរដល់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំខេត្តបន្ទាយមានជ័យ ជាដៃគូរអភិវឌ្ឍន៍ដ៏ល្អមួយ ដែលបាននិងកំពុងជួយបំពេញបន្ថែមនូវវិស័យអភិវឌ្ឍន៍សហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធជាមួយរដ្ឋបាលខេត្ត ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ បច្ចុប្បន្ននេះ សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារសហគមន៍និងប្រជាពលរដ្ឋក្នុងស្រុកគោលដៅចំនួន៥ ក្នុងនោះមាន៖ ស្រុកមង្គលបូរី ភ្នំស្រុក ស្វាយចេក ថ្មពួក និងព្រះនេត្រព្រះ ឱ្យកាន់តែប្រសើរឡើងជាមួយអន្តរាគមន៍គម្រោងជាច្រើនដោយផ្តោតលើកម្មវិធីអាហារូបត្ថម្ភ ការងារទឹកស្អាត និងអនាម័យជនបទ គម្រោងកិច្ចការពារកុមារ និងការចូលរួមរបស់កុមារ កម្មវិធីអប់រំ ការស្តារជីវភាពគ្រួសារក្រីក្រដើម្បីលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ គម្រោងគណនេយ្យភាពសង្គម និងការឆ្លើយតបទៅនិងគ្រោះភ័យ នៃគ្រោះមហន្តរាយផ្សេងៗជាដើម។ល។ ដោយឡែក នៅស្រុកព្រះនេត្រព្រះនេះ ជាដៃគូអភិវឌ្ឍន៍ដ៏ល្អតាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន ដែលកំពុងអនុវត្តគម្រោងកម្មវិធីចម្បងៗក្នុងឃុំគោលដៅចំនួន៣ឃុំគឺ ឃុំឈ្នួរមានជ័យ ឃុំជប់វារី និងឃុំបុស្បូវ មានកម្មវិធីដូចជា៖ កម្មវិធីកុមារទំនុកបម្រុងនិងការចូលរួមរបស់សហគមន៍ គម្រោងសុខភាពនិងអាហារូបត្ថម្ភ គម្រោងអប់រំ គម្រោងកិច្ចការពារកុមារ ព្រមទាំង កំពុងបន្តពង្រីកការអនុវត្តគម្រោងការងារគណៈនេយ្យភាពសង្គមនិងកម្មវិធីអនាម័យក្នុង៦ឃុំបន្ថែមទៀត ដែលមានអ្នកទទួលផលទាំង៩ឃុំសរុប ១១១.០១៥នាក់ ក្នុងនោះ កុមារ ៣៩.៣៦២នាក់។
លោក លី សុវណ្ណារិទ្ធបន្តទៀតថា លើសពីនេះទៀតនោះគឺ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយថាមពលស្វាហាប់ ឈ្លាសវៃ និងមានចក្ខុវិស័យច្បាស់លាស់ របស់សម្តេចមហាធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ក្នុងការលើកកម្ពស់ការអប់រំកុមារ ដែលជាវិស័យកសាងមូលធនមនុស្ស ដើម្បីថែរក្សាការពារ កសាង និងអភិវឌ្ឍន៍ប្រទេស និងធានាបាននូវសុខសន្តិភាព និរន្តរភាព សម្រាប់ពិភពលោកទាំងមូល ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ដោយឈរលើគោលការណ៍ «ធានាឱ្យពលរដ្ឋកម្ពុជាគ្រប់រូបទទួលបាននូវការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ពោរពេញដោយចំណេះដឹង បំណិន វិន័យ សីលធម៌ និងឥរិយាបថល្អ ព្រមទាំង សុខភាពល្អ កាយសម្បទារឹងមាំ និងការសិក្សាពេញមួយជីវិត»។ ការពង្រឹងគុណភាពអប់រំ ត្រូវតែអនុវត្តនៅគ្រប់ដំណាក់កាល នៃការរីកលូតលាស់របស់កុមារ ក្នុងនោះ ការអប់រំបឋមសិក្សា ធ្វើយ៉ាងណាឱ្យកុមារចេះអាន សរសេរ គិតលេខ មានសីលធម៌ និងឥរិយាបថល្អ ប្រកបដោយសុខភាពល្អ គឺជាការផ្តល់នូវមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កុមារបន្តការសិក្សានៅកម្រិតថ្នាក់បន្តបន្ទាប់ទៀត។
លោកអភិបាលរងខេត្តបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលទាំងឡាយដូចបានជម្រាបជូនខាងលើ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងកុមារ បានប្រសើរឡើង ជាពិសេសបានចូលរួមចំណែកកែលម្អស្ថានភាពកង្វះអាហារូបត្ថម្ភកុមារ កាត់បន្ថយអត្រាក្រិសក្រិន និងអត្រាស្គមស្គាំងរបស់កុមារអាយុក្រោម៥ឆ្នាំ ដែលជះឥទ្ធិពលដល់ការអភិវឌ្ឍផ្នែកបញ្ញា ស្មារតី និងរូបរាងកាយ របស់កុមារ ដែលនឹងក្លាយទៅជាមូលធនមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិនាពេលអនាគត។ ដើម្បីឱ្យការប្រើប្រាស់នូវសមិទ្ធផលទាំងឡាយដែលទទួលបានខាងលើ មាននិរន្តភាពយូរអង្វែងនោះ ខ្ញុំ សូមសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់អង្គភាពពាក់ព័ន្ធ ជាពិសេស ថ្នាក់ដឹកនាំផ្នែកអប់រំគ្រប់ថ្នាក់ គណៈកម្មការគ្រប់គ្រងគ្រប់ផ្នែក អាជ្ញាធរពាក់ព័ន្ធ លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមរួមគ្នាថែរក្សា គ្រប់គ្រង និងប្រើប្រាស់ដោយការទទួលខុសត្រូវនូវសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះឱ្យបានល្អ ដើម្បីជាប្រយោជន៍ និងបានយូរអង្វែងតទៅ៕