អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ចាប់ផ្តើមបំពេញទស្សនកិច្ចការងារ ទៅកាន់ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដើម្បីពិភាក្សាពីបញ្ហាសន្តិសុខ និងការពារជាតិ
មូស្គូ៖ អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក សឺហ្គី ស៊ូហ្គូ បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចការងារទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី នៅថ្ងៃចន្ទទី២៤ ខែកុម្ភៈនេះ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ និងការពារជាតិ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានដកស្រង់ព័ត៌មានរបស់ក្រុមប្រឹក្សាសន្តិសុខថា ការធ្វើដំណើរទស្សនកិច្ចនេះ នឹងអូសបន្លាយរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ។ ជាមួយគ្នានេះ RIA បានរាយការណ៍ថា៖«ក្នុងកំលុងពេលនៃដំណើរទស្សនកិច្ចនេះ កិច្ចពិភាក្សាត្រូវបានគ្រោងទុកលើបញ្ហាបច្ចុប្បន្ននៃទំនាក់ទំនងទ្វេភាគី រួមទាំងសន្តិសុខ និងការពារជាតិ ក៏ដូចជាការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក»។
ឥណ្ឌូណេស៊ី បានលើកឡើងថា នៅដើមឆ្នាំ២០២៥ រដ្ឋធានីហ្សាការតាក្លាយជាសមាជិកភាពផ្លូវការនៃប្លុកBRICS ជាបណ្តុំនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនធំៗ និងមានចំនួន៣៥ភាគរយនៃទំហំសេដ្ឋកិច្ចពិភពលោក ខណៈរុស្ស៊ីបាននិងកំពុងជំរុញយ៉ាងខ្លាំងនៃប្លុកនេះ ដើម្បីក្លាយជាឆ្អឹងទទឹងករបស់លោកខាងលិច។ ប្រការនេះហើយដែលនាំឱ្យរុស្ស៊ីពង្រីកអំណាច និងឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងនៅជ្រោយអាស៊ីអាគ្នេយ៍បន្ថែមទៀត។
គួជម្រាបថា ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ និងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរដ្ឋធានីមូស្គូ ដោយសម្ព័ន្ធមិត្តលោកខាងលិច បានជំរុញឱ្យរុស្សផ្លាស់ប្ដូរត្រីវិស័យការទូត និងផលប្រយោជន៍ភូមិសាស្ត្រនយោបាយមកកាន់តំបន់អាស៊ី។ ជាចុងក្រោយ អតីតរដ្ឋមន្ត្រីការពារជាតិដ៏មានឥទ្ធិពលរបស់រុស្ស៊ី លោក ស៊ូហ្គូ បានបញ្ជាក់ថា លោកខាងលិចបានព្យាយាមប្រើប្រាស់អ៊ុយក្រែន ជាឈ្នាន់វាយលុកយុទ្ធសាស្ត្រលើរុស្ស៊ី ប៉ុន្តែបានបរាជ័យ៕