សិស្សានុសិស្សថ្នាក់ទី១១ តាមបណ្ដាវិទ្យាល័យក្នុងរាជធានីភ្នំពេញ ១៦០នាក់ បំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ សិស្សានុសិស្សថ្នាក់ទី១១ តាមបណ្ដាវិទ្យាល័យក្នុងរាជធានីភ្នំពេញ សរុបចំនួន១៦០នាក់ រៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានបំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ។
សិស្សានុសិស្សបានស្វែងយល់អំពីប្រវត្តិសាស្ត្រជាតិកម្ពុជា ពិសេសពាក់ព័ន្ធនឹងដំណើរសង្រ្គោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណើរការស្វែងរកសន្តិភាព និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោហ៊ុន សែន ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
តាមរយៈទស្សនកិច្ចសិក្សានេះ សិស្សានុសិស្សបានស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រជាតិដែលមានចារឹកក្នុងចម្លាក់ សួនតេជោសន្តិភាព សួនសមិទ្ធផលតេជោ និងស្ថាបត្យកម្មនានានៅវិមានឈ្នះ ឈ្នះ ក៏ដូចជាបានប្រាស្រ័យទាក់ទងគ្នាប្រកបដោយភាពសុខដុមក្នុងការសិក្សា និងយល់ពីគុណតម្លៃនៃសន្តិភាពតាមរយៈនយោបាយឈ្នះ ឈ្នះដែលមាននៅទីតាំងវិមានឈ្នះ ឈ្នះ ៕

