សម្តេចធិបតី៖ សមិទ្ធផលថ្មីបន្ថែមនៅក្នុងមន្ទីរពេទ្យ បានឆ្លុះបញ្ចាំងពីការរីកចម្រើនមួយកម្រិតទៀតនៃការធ្វើទំនើបកម្មវិស័យវេជ្ជសាស្ត្រនៅកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សមិទ្ធផលថ្មីបន្ថែមនៅក្នុងមន្ទីរពេទ្យ បានឆ្លុះបញ្ចាំងពីការរីកចម្រើនថែមមួយកម្រិតទៀតនៃការធ្វើទំនើបកម្មវិស័យវេជ្ជសាស្ត្រនៅកម្ពុជា ឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យានៃយុគ្គសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ សំដៅរួមចំណែកលើកកម្ពស់ស្ថានភាពសុខភាពប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងធានាបាននូវសុខុមាលភាពល្អរបស់ប្រជាពលរដ្ឋយើងនៅជំនាន់ក្រោយៗទៀត។
ការលើកឡើងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា តម្រូវការរបស់ប្រជាជនកម្ពុជាក្នុងវិស័យសុខាភិបាលនាពេល បច្ចុប្បន្ន គឺទាមទារនូវសមត្ថភាពបច្ចេកទេសគ្លីនិកខ្ពស់ ហើយសម្តេចពិតជាមានមោទនភាពចំពោះ សមិទ្ធផលជាតិថ្មីៗទំនើបឈានមុខ ដែលនឹងជួយជំរុញឱ្យកម្ពុជាអភិវឌ្ឍន៍វិស័យសុខាភិបាលដល់កម្រិតស្តង់ដារតំបន់ និងអន្តរជាតិ ជាពិសេសការបន្ថែមនូវសមិទ្ធផលថ្មីមួយទៀតនៅមន្ទីរពេទ្យកាល់ម៉ែតនាពេលនេះ។
សម្តេចធិបតី សង្ឃឹមថា តាមរយៈសមិទ្ធផលថ្មីនេះនឹងបើកឱកាសបន្ថែមទៀតដើម្បីទទួលប្រជាពលរដ្ឋរបស់យើង ហើយចំពោះទំនើបកម្ម និងពិពិធកម្មនៃសេវា គឺវាកាន់តែផ្តល់នូវឱកាសសម្រាប់ប្រជាពលរដ្ឋរបស់យើង ដែលមកទទួលសេវាកម្មនៅទីនេះបានកាន់តែច្រើន។
ជាមួយគ្នានេះដែរ សម្ដេចធិបតី បានអះអាងថា រាជរដ្ឋាភិបាលបាន និងកំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការបំពាក់ឧបករណ៍ពេទ្យ ការបណ្តុះបណ្តាល ការជ្រើសរើស និងការដាក់ពង្រាយគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេស ក៏ដូចជាការផ្គត់ផ្គង់ឱសថជាសារវ័ននៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ខេត្ត ដែលជាការពង្រឹងសមត្ថភាពក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពជូនប្រជាពលរដ្ឋជាមូលដ្ឋាន។
លើសពីនេះ សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលបានពង្រីកបន្ថែមនៃការគ្របដណ្តប់នូវកម្មវិធីមូលនិធិសមធម៌សង្គមសុខាភិបាល ជូនដល់គ្រួសារងាយរងគ្រោះ និងក្រុមគោលដៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព (ប.ស.ស.) ដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. និងប្រជាជនស្វ័យនិយោជន៍ ដែលឈរលើគោលការណ៍ស្ម័គ្រចិត្ត ព្រមទាំងវិធីជំនួយសង្គមផ្សេងទៀតដល់ប្រជាជនគោលដៅ ៕

