ក្រុមហាម៉ាស់ បញ្ជាក់ថា ខ្លួនមិនបានដកខ្លួនចេញពីកិច្ចចរចាបទឈប់បាញ់ឡើយ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល

បរទេស៖ កាលពីថ្ងៃអាទិត្យ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់បានបញ្ជាក់ថា ក្រុមអ៊ីស្លាមនិយមមិនបានដកខ្លួនចេញពីកិច្ចចរចាបទឈប់បាញ់ជាមួយអ៊ីស្រាអែលទេ បន្ទាប់ពីការវាយប្រហារដ៏សាហាវកាលពីចុងសប្តាហ៍នេះនៅតំបន់ហ្គាហ្សា ដោយអ៊ីស្រាអែលបាននិយាយថាបានកំណត់គោលដៅលើមេបញ្ជាការយោធារបស់ក្រុមលោក Mohammed Deif។
ប៉ុន្តែលោក Izzat El-Reshiq សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាសបានចោទប្រកាន់អ៊ី-ស្រាអែលថា បានព្យាយាមបង្អាក់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួលអារ៉ាប់ និងសហរដ្ឋអាមេរិកដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ដោយបង្កើនការវាយប្រហារនៅក្នុងតំបន់។
បើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់បានឲ្យដឹងថា ការវាយប្រហារកាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុង Khan Younis ក្នុងតំបន់ហ្គាហ្សា ដែលបណ្តាលឲ្យយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៩០នាក់ត្រូវបានសម្លាប់ បានធ្វើឲ្យកិច្ចចរចាបទឈប់បាញ់ធ្លាក់ក្នុងមន្ទិលសង្ស័យ។
មានសញ្ញាផ្តល់ក្តីសង្ឃឹមកាន់តែខ្លាំងឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលកិច្ចព្រមព្រៀងមួយអាចនឹងត្រូវបានធ្វើឡើង ដើម្បីបញ្ឈប់ការប្រយុទ្ធ និងបញ្ជូនចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួននៅតំបន់ហ្គាហ្សាត្រឡប់ទៅប្រទេសវិញ។
កាលពីថ្ងៃសៅរ៍ ប្រភពពីសន្តិសុខអេហ្ស៊ីបចំនួន០២ ដែលមានវត្តមាននៅកិច្ចចរចាបទឈប់បាញ់នៅទីក្រុង Doha និងទីក្រុង Cairo បាននិយាយថា ការចរចាត្រូវបានផ្អាក បន្ទាប់ពីកិច្ចពិភាក្សាដ៏តឹងតែងរយៈពេល០៣ថ្ងៃ។ 
