ក្រុមការងាររៀបចំ ព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល កំពុងមមាញឹក ពន្លឿនការងារ តាមមុខព្រួញនីមួយៗ របស់ខ្លួន

ភ្នំពេញ៖ មកដល់ពេលនេះ នៅសល់តែ៩ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ថ្ងៃ ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី តាមប្រពៃណីជាតិខ្មែរ។ តាមផែនការគ្រោងទុក ឆ្នាំនេះ រដ្ឋបាលខេត្តកណ្តាល និងរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តខេត្តកណ្តាល ដែលប្រារព្ធធ្វើឡើង នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ មានរយះពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសាឆ្នាំ២០២៤ ខាងមុខ។
នៅតាមទីតាំង បរិវេណប្រារព្ធពិធីព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល នៅសួនច្បារ មាត់ទន្លេបាសាក់ក្រុងតាខ្មៅ គេសង្កេតឃើញ ក្រុមការងារ បាននឹងកំពុង មមាញឹក យកចិត្តទុកដាក់ខ្ពស់ ពន្លឿនការងារ តាមមុខព្រួញនីមួយៗ ធ្វើយ៉ាងណា អោយការត្រៀមរៀបចំ សង្រ្កាន្តខេត្តកណ្តាល អោយបានរួចរាល់ មុនផែនការ ដែលបានគ្រោងទុក ។
ដើម្បីពន្លឿន សកម្មភាពការងារ តាមផែនការគ្រោងទុក ជាក់ស្ដែង នៅថ្ងៃទី៤មេសានេះ លោក ចាបចន្នី ប្រធានមន្ទីរព័ត៌មាន ខេត្តកណ្តាល លោក ប្រធានមន្ទីរ រ៉ែនិងថាមពលខេត្ត,លោកប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគម៍ ខេត្ត និងលោកអនុប្រធានមន្ទីរវប្បធម៌ខេត្ត ព្រមទាំងតំណាងក្រុមហ៊ុន Methphone បានចុះពិនិត្យទីតាំងតម្លើង internet និងទីតាំងតម្លើងប្រពន្ធ័ថាមពលភ្លើង សំរាប់ដាក់ ម៉ាសុីនផ្សាយ បន្តផ្ទាល់ ពីព្រឹត្តិការណ៍ សង្ក្រាន្តខេត្តកណ្តាល ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ បំផុសអោយ ប្រជាពលរដ្ឋ ភ្ញៀវជាតិ- អន្តរជាតិ ចូលរួមលេងកំសាន្តសប្បាយ អោយបានច្រើនកុះករ និងដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង៕

