ឯកឧត្ដម ហ៊ុន ម៉ាណែត៖ សម្តេចតេជោ តែងបានប្តេជ្ញាចិត្តថា ត្រូវខិតខំធ្វើយ៉ាងណា ដើម្បីមិនឲ្យកូនខ្មែរធ្លាក់ទៅក្នុងរណ្តៅនៃទុក្ខវេទនា ដូចកាលជំនាន់មុនឡើយ

ភ្នំពេញ៖ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ហៅវត្តស្វាយដំណាក់ ស្ថិតនៅភូមិដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៤ ខែឧសភានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចតេជោ តែងបានប្តេជ្ញាចិត្តថា ត្រូវខិតខំធ្វើយ៉ាងណាដើម្បីមិនឱ្យកូនខ្មែរធ្លាក់ទៅក្នុងរណ្តៅនៃទុក្ខវេទនា ដូចកាលជំនាន់មុនឡើយ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការស្ម័គ្រចិត្តទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺអាចឆ្លុះបញ្ចាំងឱ្យឃើញអំពី ការសម្រេចផ្ទុកផ្តាក់ផ្ញើជោគវាសនា និងការផ្តល់ជឿទុកចិត្តជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការការពារ និងសង្គ្រោះអាយុជីវិតពីជំងឺរាតត្បាតដ៏កាចសាហាវនេះ។
ឯកឧត្តមបណ្ឌិត បញ្ជាក់ថា «យើងទាំងអស់គ្នា មានសំណាង ពីព្រោះមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងគ្រប់ដំណាក់កាលទាំងអស់ គិតតាំងពីសម័យស្រុកទេសមានសង្គ្រាម និងធ្លាក់ក្នុងជម្លោះបែកបាក់ ហើយបានបន្តកសាងស្តារប្រទេសជាតិពីបាតដៃទទេ រហូតឈានឆ្ពោះមកដល់ការអភិវឌ្ឍ ដូចសព្វថ្ងៃ ហើយ សម្តេចតេជោ តែងបានប្តេជ្ញាចិត្តថា ត្រូវខិតខំធ្វើយ៉ាងណាដើម្បីមិនឱ្យកូនខ្មែរធ្លាក់ទៅក្នុងរណ្តៅនៃទុក្ខវេទនា ដូចកាលជំនាន់មុនឡើយ» ៕

