នាយករដ្ឋមន្ត្រី ណែនាំលោក ម៉ៃ សុគន្ធ សូមទោសលោក ហុងដា និងណែនាំកុំឱ្យមានការប្រតិកម្ម ចំពោះកីឡាករ ប៊ូខាវ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យអ្នកលេងហ្វេសប៊ុកមួយរូប គឺលោក ម៉ៃ សុគន្ធ ចេញសារសូមទោសលោក ហុងដា គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ពាក់ព័ន្ធនឹងការប្រមាថ ដោយសារការស្លៀកពាក់នៅថ្ងៃប្រកួតរវាងកម្ពុជា ជាមួយនឹងទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្មីៗនេះ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៉ីហ្គេមលើកទី៣២ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក៏ណែនាំប្រជាជនកម្ពុជា កុំឱ្យមានការប្រតិកម្មចំពោះកីឡាករ ប៊ូខាវ សោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ឥឡូវ ខ្ញុំសុំឲ្យ ម៉ៃ សុគន្ធ បើសិនជាកូនប្រុស បើសិនកូនជាកូនល្អរបស់ខ្មែរ កូនគួរសុំទោសចំពោះ ហុងដា ទៅ។ ពាក្យប៉ុន្មានម៉ាត់នេះ វាធ្ងន់ធ្ងរហួស ដែលជាការទ្រាំទ្ររបស់ ហុងដា ដែលបានធ្វើជាគ្រូបង្វឹករបស់កម្ពុជា រយៈពេលប៉ុន្មានឆ្នាំ។ ហើយគ្រាន់តែសម្លៀកបំពាក់គាត់ស្លៀកនោះ មានរឿងអ្វី ខ្ញុំស្រលាញ់សម្លៀកបំពាក់ ហុងដា តើ គ្នាខំសើចញញឹមញញែម ចង់ងាប់ចង់រស់ គ្រប់មួយប្រទេសគេផ្អើលគាំទ្រទាំងកីឡាករ ទាំងគ្រូបង្វឹក ស្រាប់តែចេញ ម៉ៃ សុគន្ធ មួយមក ខុសគេខុសឯង»។
សម្តេចតេជោ ហ៊ុន សែន បន្តថា ទង្វើរបស់ ម៉ៃ សុគន្ធ ធ្វើនេះស្មើនឹងទះកំផ្លៀងកីឡាករបាល់ទាត់របស់យើង។ សម្តេចបន្តថា បើសិនជា ម៉ៃ សុគនធ មិនចង់ធ្វើជាកូនល្អកម្ពុជា សូមបន្តជេរ ហុងដា ទៀតចុះ ប៉ុន្តែរាជរដ្ឋាភិបាលមិននៅស្ងៀមទេ ក្នុងរឿងបែបនេះ ព្រោះនេះជារឿងជាតិសាសន៍មួយ ដែលរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវ។
សម្តេចតេជោ បានក្រើនរំលឹកថា នៅកម្ពុជាសិទ្ធបញ្ចេញមតិមានពេញលេញហើយ តែត្រូវមានព្រំដែនក្នុងការបញ្ចេញមតិ។ ហេតុនេះ សម្តេចក៏បានណែនាំ កុំប្រមាថចំពោះកីឡាករថៃ ឈ្មោះ ប៊ូ ខាវ ផងដែរ។
សូមជម្រាបថា កាលពីប្រកួតទី១ ស្ថិតក្នុងពូល A ក្រុមជម្រើសជាតិ U22 របស់កម្ពុជា រកបាន ៣ពិន្ទុ ហើយស្មើគ្នាជាមួយក្រុមឥណ្ឌូនេស៉ី ក្រោយពីយកឈ្នះក្រុមទីម័រខាងកើត ៤-០ និងក្រុមហ្វីលីពីន ៣-១។ ប្រកួតទី២ ក្រុមកម្ពុជា នឹងត្រូវជួបក្រុមហ្វីលីពីន ខណៈជា ១ប្រកួតដំបូងរបស់ក្រុមមីយ៉ាន់ម៉ា ជួបក្រុមទីម័រខាងកើត នៃការស្វែងរក ៣ពិន្ទុបន្តទៀត ដែលធ្វើឡើងនាទី០២ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
