ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងអំណរគុណបណ្ឌិត កុល ផេង ដែលតែងផ្តល់អាហារូបករណ៍ជូនសិស្ស-និស្សិតក្រីក្រ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណបណ្ឌិត កុល ផេង សកលវិទ្យាធិការ សកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ដែលតែងផ្តល់អាហារូបករណ៍ជូនសិស្ស-និស្សិតក្រីក្រ ទាំងក្នុងក្របខ័ណ្ឌអាហារូបករណ៍ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និង ក្របខ័ណ្ឌក្រសួងអប់រំ យុវជន និង កីឡា ដែលអាហារូបករណ៍ទាំងនេះ ពិតជាបានជួយសម្រួលជាក់ស្តែងដល់និស្សិតដែលមានជីវភាពខ្វះខាត ឱ្យទទួលបានឱកាសសិក្សារៀនសូត្រដើម្បីកសាងអនាគត។
ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងឳកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា រាជធានីភ្នំពេញនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣។
ជាមួយគ្នានោះឯកឧត្តម បណ្ឌិត បានអរគុណបណ្ឌិត កុល ផេង ដែលបានបង្កើតថ្នាលបណ្តុះបណ្តាលចំណេះដឹង និងជំនាញដ៏សំខាន់នេះ ដោយបានដើរស្របគ្នាទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៅក្នុងការកសាងធនធានមនុស្ស ដែលមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ និងវឌ្ឍនភាពផ្នែកសង្គម-សេដ្ឋកិច្ច ប៉ុណ្ណោះទេ គឺនិស្សិតដែលទទួលបានការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ក៏បានក្លាយជាមូលធនមនុស្សប្រកបដោយអត្តចរិតថ្លៃថ្នូរ មានសីលធម៌ល្អ និងផ្នត់គំនិតស្រឡាញ់ថែរក្សាអត្តសញ្ញាណជាតិ៕

