មន្ទីរបរិស្ថានខេត្តកែប សហការជាមួយរដ្ឋបាលខេត្ត និងស្រុកដំណាក់ចង្អើរ រៀបចំប្រារព្ធទិវាសម្អាតពិភពលោកលើកទី៧ ឆ្នាំ២០២៤ លើទីតាំងចំនួន៣

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក អុិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែប បានសហការជាមួយរដ្ឋបាលខេត្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ រៀបចំប្រារព្ធទិវាសម្អាតពិភពលោកលើកទី៧ (7th World Cleanup Day) ឆ្នាំ២០២៤ លើទីតាំងចំនួន៣រួមមាន៖
ទី១៖ នៅឆ្នេរអង្កោល ស្ថិតក្នុងភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាព លោកស្រី ទិត សុខា អភិបាលរងនៃគណៈអភិបាលខេត្តកែប និងមានការចូលរួមពី មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស កងកម្លាំងការពារព្រំដែនទឹក កងកម្លាំងអធិការស្រុក បញ្ជាការដ្ឋានអាវុធហត្ថស្រុក សិស្សានុសិស្សបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន អង្កោលប្រជាពលរដ្ឋ អាជីវករនៅតំបន់ឆ្នេរអង្កោល សរុបប្រមាណជា ២៥០នាក់ បានរួមគ្នាសំអាតសំរាមប្លាស្ទិកនៅតាមបណ្តោយឆ្នេរអង្កោល។
ទី២៖ នៅសហគមន៍នេសាទភូមិថ្មី គណៈកម្មការសមាជិកសហគមន៍នេសាទភូមិថ្មី បានដឹកនាំចូលរួមសកម្មភាពសម្អាតបរិស្ថានតាមព្រៃកោងកាង និងតាមឆ្នេរ ក្នុងនោះមានសិស្សានុសិស្ស និងប្រជាសហគមន៍ចូលរួមសរុបចំនួន ២០នាក់ ស្រី ៥នាក់។
ទី៣៖ នៅសហគមន៍នេសាទភូមិកំពង់ត្រឡាច គណៈកម្មការសហគមន៍ បានដឹកនាំចូលរួមសម្អាតបរិស្ថានតាមព្រៃកោងកាង ក្នុងនោះមានសិស្សានុសិស្ស និងសមាជិកសហគមន៍ចូលរួមសរុបចំនួន ១៤នាក់ ស្រី ២នាក់ ៕

