ស្នងការខេត្តក្រចេះ ជម្រុញឲ្យនគរបាល បន្តអនុវត្តការងារប្រកបដោយវិជ្ជាជីវ មានសាមគ្គីភាពផ្ទៃក្នុង

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ នារសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានជម្រុញឲ្យនគរបាល បន្តអនុវត្តការងារប្រកបដោយវិជ្ជាជីវ មានសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហការឲ្យបានជិតស្និត មួយស្ថាប័នពាក់ព័ន្ឋ ធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាពការងាររបស់កងកម្លាំងនគរបាលជាតិ និងជម្រុញឲ្យនគរបាលបន្តការគោរពវិន័យ។
ការជម្រុញនេះបានធ្វើឡើង ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ដូចតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត។
ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បន្តថា ពិសេសការបង្កើនវេនប្រចាំការឲ្យបានច្បាស់លាស់ ត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ដើម្បីអន្តរាគមន៍ឲ្យបានទាន់ពេលទៅតាមបណ្តឹងរាយការណ៍និងត្រូវអនុវត្តលើស្មារតីយកចិត្តទុកដាក់។
លោកឧត្តមសេនីយ៍ស្នងការ បានណែនាំឲ្យនគរបាល មូលដ្ឋានបន្តការល្បាត តាមភូមិសាស្រ្តងាយរងគ្រោះ ក្តាប់លើមុខសញ្ញាក្នុងអំពើល្មើស ត្រូវអនុវត្តការងារដោយការទទួលខុសត្រូវ និងឥរិយាបថទន់ភ្លន់កុំឲ្យពលរដ្ឋមានភាពថ្នើងថ្នាក់៕

