សិក្ខាសាលាស្តីពី ការលើកកម្ពស់ការយល់ដឹង អំពីសារសំខាន់នៃសេវាស្តារនីតិសម្បទា នៃធានារ៉ាប់រងសំណងគ្រោះថ្នាក់ការងារ សម្រាប់កម្មករនិយោជិត និងការចែករំលែកករណីសិក្សា របស់សាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃសេវាស្តារនីតិសម្បទានៃធានារ៉ាប់រងសំណងគ្រោះថ្នាក់ការងារសម្រាប់កម្មករនិយោជិត និងការចែករំលែកករណីសិក្សារបស់សាធារណរដ្ឋកូរ៉េ។
វគ្គសិក្ខាសាលាខាងលើនេះ ធ្វើឡើងដោយផ្តោតសំខាន់លើការលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃសេវាស្តារនីតិសម្បទានៃធានារ៉ាប់រងសំណងគ្រោះថ្នាក់ការងារសម្រាប់កម្មករនិយោជិត និងការចែករំលែកករណីសិក្សារបស់សាធារណរដ្ឋកូរ៉េ ដែលនឹងចែករំលែកនូវបទពិសោធន៍ ឧត្តមានុវត្តន៍ និងចំណេះដឹងសម្រាប់ជាគំនិតផ្តួចផ្តើមក្នុងការចូលរួមចំណែកអភិវឌ្ឍកាន់តែប្រសើរនូវប្រព័ន្ធស្តារនីតិសម្បទានៅកម្ពុជា។
គួររំលឹកថា៖ សិក្ខាសាលានេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចដំបូងនៅកម្ពុជារបស់ក្រុមការងារនៃអង្គភាព COMWEL សម្រាប់គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទាសម្រាប់កម្មករនិយោជិតដែលទទួលរងគ្រោះថ្នាក់ការងារនៅកម្ពុជា (ODA Project) នៅថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២២ ដោយបានចុះកិច្ចព្រមព្រៀងអនុវត្ត (Implementation Agreement) រវាង COMWEL និង ប.ស.ស. នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ រួចមក។
សូមបញ្ជាក់ថា៖ សិក្ខាសាលាខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំធំ ស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. រួមទាំងថ្នាក់ដឹកនាំ តំណាងអង្គភាព COMWEL នៃសាធារណរដ្ឋកូរ៉េ សរុបប្រមាណជាង៥៥រូប៕