អភិបាលខេត្តបាត់ដំបង ស្វាគមន៍និងគាំទ្រគម្រោងវេជ្ជសាស្រ្ដ និងគម្រោងមនុស្សធម៌ សម្រាប់ខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានប្រកាសស្វាគមន៍និងគាំទ្រ គម្រោងវេជ្ជសាស្រ្ដ និងគម្រោងមនុស្សធម៌ សម្រាប់ខេត្តបាត់ដំបង។
ឯកឧត្ដមបានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយសមាគមនិកាយសាសនាចក្រ នៃព្រះយ៊េស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលទាក់ទងនឹងគម្រោងវេជ្ជសាស្រ្ដ និងគម្រោងមនុស្សធម៌បន្តបន្ទាប់នៅលើទឹកដីខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

បន្ទាប់ពីបានស្ដាប់ការធ្វើបទបង្ហាញអំពីសមិទ្ធផល ដែលសមាគមបានសម្រេចបាននៅខេត្តកំពង់ចាម និងគម្រោងបន្ទាប់នៅខេត្តបាត់ដំបងនេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ស្វាគមន៍ និងគាំទ្រគម្រោងនេះសម្រាប់ខេត្តបាត់ដំបង គឺខេត្តត្រូវការការជួយជ្រោមជ្រែងពីសប្បុរសជនជានិច្ច ទាំងផ្នែកសម្ភារៈ ឬហេដ្ឋារចនាសម្ព័ន្ធនៅមន្ទីរពេទ្យ។

ឯកឧត្តម បានមានប្រសាសន៍ ឯកភាពចំពោះសមាគមដែលមានគម្រោងក្នុងការបណ្ដុះបណ្ដាលក្រុមគ្រូពេទ្យនៅខេត្តបាត់ដំបង ការវះកាត់ដោយការចោះនេះ ហើយបច្ចប្បន្ននេះទៀតសោតយើងក៏ត្រូវការពេទ្យជាច្រើន ហើយត្រូវការបណ្ដុះបណ្ដាលជំនាញជាច្រើនផងដែរ ហើយក្នុងនោះស្វាគមន៍ជានិច្ចដល់សមាគម និងរងចាំសហការជាមួយព្រោះនេះគឺជាអ្វីដែលរដ្ឋបាលខេត្តចង់បានកន្លងមក ។

គួរបញ្ជាក់ផងដែរថា បេសកកម្មរបស់សមាគមនិកាយសាសនាចក្រ នៃព្រះយ៊េស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺផ្តោតលើវិស័យសុខាភិបាល និងវិស័យអប់រំ ដូចជាមានគម្រោងក្នុងការជួយជួសជុលអគារ និងហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យមួយចំនួននៅក្នុងខេត្តបាត់ដំបង ជួយក្នុងការផ្ដល់ជាសម្ភារៈ គ្រឿងបរិក្ខារពេទ្យ និងជាពិសេសជួយក្នុងការបណ្ដុះបណ្ដាលជំនាញផ្សេងៗជូនដល់ក្រុមគ្រូពេទ្យក្នុងខេត្តបាត់ដំបង និងថ្ងៃទៅមុខទៀតនឹងមានគម្រោងផ្ដល់ជាកន្លែងលាងដៃ និងបង្គន់អនាម័យនៅតាមសាលារៀនមួយចំនួនក្នុងខេត្តបាត់ដំបងផងដែរ៕

