សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា

កំពង់ចាម៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧នេះ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា តម្លៃប្រមាណ១១៧លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦។
សម្ដេចធិបតីបញ្ជាក់ឱ្យដឹងថា “នេះគឺជាការសម្រេចដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលអាណត្ដិមុន ដែលសម្ដេចតេជោ ជាអតីតនាយករដ្ឋមន្ដ្រី បានសម្រេចក្នុងការរៀបចំ”។
បន្ថែមពីនេះសម្ដេចធិបតី បានគូសបញ្ជាក់ថា សមិទ្ធផលនៃទំនាក់ទំនងកម្ពុជា-ចិន មិនទាន់បញ្ចប់ត្រឹមកំណាត់ផ្លូវជាតិលេខ៧នេះឡើយ។
សូមជម្រាបថា កំណាត់ផ្លូវជាតិលេខ៧នេះ ត្រូវបានស្តារ និងស្ថាបនា ឡើងវិញកាលពីឆ្នាំ១៩៩៩ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានទទឹង ៧ម៉ែត្រ និង ៩ម៉ែត្រ ដែលកាលនោះកំណាត់ផ្លូវនេះ រួមជាមួយនឹងស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានគីហ្សូណា) ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន៕

