ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) អមដំណើរដោយឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផៃ្ទ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់បើកសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់។
ក្នុងនាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ឯកឧត្តម សក់ សេដ្ឋា បានបង្ហាញសេចក្តីសមនស្សរីករាយស្វាគមន៍ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសមកពីក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលទាំងអស់ដែលបានអញ្ជើញចូលរួមសិក្ខាសាលានាថ្ងៃនេះ។
ឯកឧត្តម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. បានមានប្រសាសន៍ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងការផ្តល់ធាតុចូលល្អៗពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិដល់តួអង្គនៅរដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ដើម្បីស្វែងរកជម្រើសលើកកម្ពស់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ ការសិក្សាជម្រើសកែសម្រួលរដ្ឋបាលរាជធានីទៅជារដ្ឋបាលទីក្រុងមេត្រូប៉ូលីតែន រដ្ឋបាលខេត្តទៅជារដ្ឋបាលតំបន់ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ទៅជារដ្ឋបាលមូលដ្ឋានឱ្យស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្រសាសន៍បញ្ជាក់ថា រយៈពេលជាង២ទសវត្សមកនេះ កំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈបានជួយឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិអំណាច ធនធាន និងលទ្ធភាពគ្រប់គ្រាន់ក្នុងបម្រើតម្រូវការសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានភាពល្អប្រសើរ ជាពិសេសគឺការឆ្លើយតបបញ្ហាកើតឡើងបន្ទាន់ៗដូចជា ជំងឺរាតត្បាតកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិនានាតាមមូលដ្ឋាន។
ជាមួយគ្នានេះ លោក Christof Weigelmeier ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍនៃនៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់លេខាធិការដ្ឋាន គ.ជ.អ.ប. សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍនៃសហព័ន្ធអាល្លឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលាដ៏មានសារសំខាននាពេលនេះឡើង។
លោកបានថ្លែងថា រដ្ឋាភិបាលអាល្លឺម៉ង់នៅតែបន្តគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិហមជ្ឈការ និងកំណែទម្រង់រដ្ឋបាលហិរញ្ញវត្ថុសាធារណៈជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់អភិបាលកិច្ច និងការផ្តល់សេវាសាធារណៈប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាពនៅកម្ពុជា។
គួរបញ្ជាក់ថា សិក្ខាសាលានេះ មានបទបង្ហាញសំខាន់ៗដោយផ្ទាល់ និងពីចម្ងាយតាមប្រព័ន្ធ Microsoft Team ចំនួន៣ ក្នុងនោះ រួមមាន ១. បទបង្ហាញបទពិសោធន៍ពីបរទេស និងប្រទេសអាល្លឺម៉ង់ស្តីពី វិមជ្ឈការហិរញ្ញវត្ថុ (ប្រភពចំណូលនៅមូលដ្ឋាន ការផ្ទេរធនធានហិរញ្ញវត្ថុ និងការខ្ចីប្រាក់) និងការគ្រប់គ្រងហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ និងគណនេយ្យភាព ២. បទបង្ហាញស្តីពីការអនុវត្តនានានៅប្រទេសមួយចំនួនក្នុងតំបន់អំពីការធ្វើវិមជ្ឈការហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (អាស៊ីអាគ្នេយ៍) និង៣. បទបង្ហាញលើរបកគំហើញបឋមរបស់ក្រុមបេសកកម្មអាល្លឺម៉ង់។ ក្រៅពីបទបង្ហាញនេះ សិក្ខាសាលាក៏មានរៀបចំវេទិកាសំណួរ ចម្លើយ និងកិច្ចពិភាក្សាតុមូលផងដែរ៕

