អុីរ៉ង់ព្រមានឆ្លើយតបតាមរយៈ «ការវាយប្រហារដ៏ឈឺចាប់ និងអូសបន្លាយរយៈពេលវែង» លើទីតាំងនានារបស់អាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមការវាយប្រហារសាជាថ្មី

តេហេរ៉ង់៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ អ៊ីរ៉ង់បានចេញការព្រមានថា ខ្លួននឹងឆ្លើយតបតាមរយៈ «ការវាយប្រហារដ៏ឈឺចាប់ និងអូសបន្លាយរយៈពេលវែង» លើទីតាំងនានារបស់សហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមការវាយប្រហារសាជាថ្មី។
ការព្រមាននេះធ្វើឡើងចំពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងទទួលរបាយការណ៍សង្ខេបអំពីផែនការវាយប្រហារយោធាថ្មីៗលើអ៊ីរ៉ង់ ដើម្បីបង្ខំឱ្យប្រទេសនេះចូលតុចរចាបញ្ចប់ជម្លោះ។
ទោះបីជាមានបទឈប់បាញ់ចាប់តាំងពីថ្ងៃទី០៨ ខែមេសាក៏ដោយ ប៉ុន្តែការដោះស្រាយវិបត្តិបានឈានដល់ភាពជាប់គាំង ខណៈដែលអ៊ីរ៉ង់នៅតែបន្តបិទច្រកសមុទ្រហ័រមូស ដើម្បីឆ្លើយតបនឹងការបិទខ្ទប់កំពង់ផែ និងការនាំចេញប្រេងរបស់ខ្លួនពីសំណាក់អាមេរិក។
មន្ត្រីជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក ម៉ាជីដ មូសាវី (Majid Mousavi) បានបញ្ជាក់ថា រាល់ការវាយប្រហាររបស់អាមេរិក ទោះក្នុងកម្រិតណាក៏ដោយ នឹងជួបការសងសឹកលើមូលដ្ឋានទ័ព និងនាវាចម្បាំងអាមេរិកនៅក្នុងតំបន់។
គួរបញ្ជាក់ថា ច្រកសមុទ្រហ័រមូសដែលជាផ្លូវដឹកជញ្ជូនប្រេង និងហ្គាសប្រមាណ ២០ភាគរយនៃពិភពលោក បានបន្តរងការរាំងខ្ទប់អស់រយៈពេលពីរខែមកហើយ ដែលបង្កឱ្យមានក្តីបារម្ភយ៉ាងខ្លាំងអំពីវិបត្តិសេដ្ឋកិច្ចសកល៕
