អាមេរិកអនុម័តលក់មីស៉ីល Hellfire ទៅឱ្យប្រទេសហូឡង់ នៅក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ

វ៉ាស៉ីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រសួងការបរទេសអាមេរិក បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានអនុម័តជុំវិញការលក់មីស៉ីល Hellfire ទៅឱ្យប្រទេសហូឡង់ នៅក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ។
រដ្ឋាភិបាលអាមេរិកបញ្ជាក់ថា ហូឡង់បានស្នើសុំទិញមីស៊ីល AGM-114R2 Hellfire ចំនួន ៥៣០គ្រាប់ និងបរិក្ខាពាក់ព័ន្ធ រួមទាំងការគាំទ្រផ្នែកបច្ចេកទេសផងដែរ។ សម្រាប់អ្នកម៉ៅការគម្រោងនេះ គឺក្រុមហ៊ុន Lockheed Martin។
តាមក្រសួងការបរទេសអាមេរិក គម្រោងនេះនឹងរួមចំណែកធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធហូឡង់ ពង្រីកសមត្ថភាពការពារជាតិ និងទប់ស្កាត់ការគំរាមកំហែងក្នុងតំបន់។ វាក៏នឹងរួមចំណែកដល់គោលដៅយោធារបស់ហូឡង់ ក្នុងការធ្វើបច្ចុប្បន្នភាពសមត្ថភាពរបស់ខ្លួនផងដែរ នៅពេលកំពុងបង្កើនអន្តរប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដទៃ៕
