លោក ហ្សេលេនស្គី៖ អ៊ុយក្រែនអាចនឹងប្រឈមមុខនឹងការកើនឡើងហានិភ័យក្នុងការទទួលបានប្រព័ន្ធអាវុធប្រឆាំងមីស៊ីលពីអាមេរិក ប្រសិនបើសង្រ្គាមអ៉ីរ៉ង់បន្តអូសបន្លាយ

វ៉ាស៊ីនតោន៖ តាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាអ៊ុយក្រែនអាចនឹងប្រឈមមុខនឹងការកើនឡើងហានិភ័យក្នុងការទទួលបានប្រព័ន្ធអាវុធប្រឆាំងមីស៊ីល ពីសហរដ្ឋអាមេរិក ប្រសិនបើសង្រ្គាមអ៉ីរ៉ង់បន្តអូសបន្លាយ។
លោក ហ្សេលេនស្គីធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦។
មេដឹកនាំអ៊ុយក្រែនបានប្រាប់ទូរទស្សន៍អាមេរិកថា អ៊ុយក្រែនទទួលបានប្រព័ន្ធប្រឆាំងមីស៊ីលក្នុងចំនួនមានកំណត់ ដោយសារតែការផលិតរបស់សហរដ្ឋអាមេរិកក៏មានចំនួនកំណត់ផងដែរ។ ប៉ុន្តែមកទល់នឹងពេលនេះអ៊ុយក្រែននៅតែបន្ត ទទួលបានការផ្គត់ផ្គង់ព័ត៌មានស៊ើបការណ៍សម្ងាត់។
តាមលោក ហ្សេលេនស្គី អ៊ុយក្រែននៅតែអាចបន្តទទួលបានអាវុធអាមេរិកតាមរយៈកម្មវិធី PURL ដែលអនុញ្ញាតឱ្យបណ្ដាប្រទេសជា សមាជិក NATO ទិញអាវុធពីសហរដ្ឋអាមេរិកយកទៅផ្គត់ផ្គង់បន្តឱ្យអ៊ុយក្រែន។

តែអ្វីដែលសំខាន់ជាងគេនេះ លោក ហ្សេលេនស្គីបាននិយាយថាសង្រ្គាមអ៉ីរ៉ង់បាន និងកំពុងបង្កការរាំងស្ទះ ឬពន្យារពេលដល់ការផ្គត់ផ្គង់ប្រព័ន្ធអាវុធប្រឆាំងមីស៊ីលសម្រាប់អ៊ុយក្រែន ហើយបើសង្រ្គាមអ៉ីរ៉ង់នៅតែបន្តអូសបន្លាយ ឬបទឈប់បាញ់ដួលរលំ នោះវាមិនមែនជារឿងល្អនោះទេ៕
