លោក ដូណាល់ ត្រាំ អះអាងថា សង្គ្រាមជាមួយអុីរ៉ង់ជិតឈានដល់ទីបញ្ចប់ហើយ

ឌូបៃ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា សង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ជិតឈានដល់ទីបញ្ចប់ហើយ ដោយលោកបានប្រាប់ពិភពលោកឱ្យត្រៀមខ្លួនមើល «ភាពអស្ចារ្យក្នុងរយៈពេលពីរថ្ងៃខាងមុខ» ស្របពេលដែលមេបញ្ជាការកងទ័ពប៉ាគីស្ថាន ក្នុងនាមជាអ្នកសម្របសម្រួល បានធ្វើដំណើរទៅដល់ទីក្រុងតេអេរ៉ង់ ដើម្បីទប់ស្កាត់ការផ្ទុះជម្លោះសាជាថ្មី។
យោធាប៉ាគីស្ថានបានបញ្ជាក់ថា អគ្គមេបញ្ជាការកងទ័ព លោក អាស៊ីម មូនៀ (Asim Munir) បានធ្វើដំណើរទៅដល់ប្រទេសអ៊ីរ៉ង់ ដើម្បីជួយបង្រួញគម្លាតនៃការខ្វែងគំនិតគ្នារវាងអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីកិច្ចចរចាកាលពីចុងសប្តាហ៍នៅប៉ាគីស្ថានបានបញ្ចប់ទៅដោយគ្មានលទ្ធផលផ្លែផ្កា។
ទន្ទឹមនឹងនេះ លោក ត្រាំ បានគូសបញ្ជាក់ថា សង្គ្រាមនេះគឺជិតបញ្ចប់ហើយ ដោយលោកជឿជាក់ថាភាគីអ៊ីរ៉ង់ពិតជាចង់បានកិច្ចព្រមព្រៀងសន្តិភាពនេះខ្លាំងណាស់ ហើយវាក៏មិនចាំបាច់មានការពន្យារពេលបទឈប់បាញ់ដែលត្រូវផុតកំណត់នៅសប្តាហ៍ក្រោយនោះដែរ ខណៈមន្ត្រីពាក់ព័ន្ធកំពុងពិចារណាត្រឡប់ទៅតុចរចាវិញនៅប៉ុន្មានថ្ងៃខាងមុខ៕
