ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍

បរទេស៖ បើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ ព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ បានអនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍យ៉ាងតឹងរ៉ឹងរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលនេះគឺជាជ័យជម្នះដ៏ធំមួយសម្រាប់រូបលោក ក្រោយពីមានការតស៊ូមតិយ៉ាងស្វិតស្វាញអស់ជាច្រើនខែ ជុំវិញបញ្ហានិរទេស និងការរឹតបន្តឹងព្រំដែន។
សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់មូលនិធិយ៉ាងពេញទំហឹងដល់ទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) ព្រមទាំងកងល្បាតព្រំដែន រហូតដល់ចុងបញ្ចប់នៃអាណត្តិរបស់លោក ត្រាំ។
បច្ចុប្បន្នសេចក្តីព្រាងច្បាប់នេះកំពុងត្រូវបានបញ្ជូនបន្តទៅកាន់រដ្ឋសភា ខណៈដែលថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋកំពុងសង្ឃឹមយ៉ាងមុតមាំថា ពួកគេនឹងអាចអនុម័តបានយ៉ាងរលូននៅដើមសប្តាហ៍ក្រោយ ដើម្បីបញ្ជូនទៅដល់តុរបស់លោក ត្រាំ សម្រាប់ចុះហត្ថលេខាជាស្ថាពរ៕

